Social Network

រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលបានយកអំណោយរបស់ក្រុមហ៊ុនស្រាបៀ GANZBERG ជាធុងបាញ់សម្លាប់មេរោគ ចំនួន៣០គ្រឿង និងទឹកថ្នាំសម្លាប់មេរោគ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវិត១៩

នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ ធុងបាញ់សម្លាប់មេរោគចំនួន៣០គ្រឿង និងទឹកថ្នាំសម្លាប់មេរោគ ចំណុះ២៥លីត្រ ចំនួន៥ពីដុង ដែលជាអំណោយរបស់ក្រុមហ៊ុនស្រាបៀ GANZBERG

ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិត១៩។

ការប្រគល់ធុងសម្លាប់មេរោគនិងថ្នាំបាញ់សម្លាប់មេរោគ នាឱកាសនោះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាមួយនឹងប្រធានសាខាស្រាបៀរ ganzberg ប្រចាំខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលស្រុក/ក្រុង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានសាខាស្រាបៀរ GANZBERG ប្រចាំខេត្តត្បូងឃ្មុំ ដែលបានឧបត្ថម្ភធុងបាញ់សម្លាប់មេរោគ និងទឹកថ្នាំសម្លាប់មេរោគ ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ និង កោតសរសើរ ដល់សប្បុរសជននានា ដែលតែងតែបរិច្ចាគធនធានផ្ទាល់ខ្លួនទាំងថវិការ និងសម្ភារៈ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានខិតខំយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ក្នុងការចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីវិធានការការពារ និងបង្ការជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវនេះ ។

សម្ភារៈដែលទទួលបានឱកាសនោះ ត្រូវបានឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បែងចែកជូនដល់សាលាស្រុកក្រុងនិងមន្ទីរអង្គភាពជុំវិញខេត្ត រួមមាន : សាលាស្រុកពញាក្រែក ៣ធុង ស្រុកមេមត់២ធុង ស្រុកត្បូងឃ្មុំ ៣ធុង ស្រុកអូររាំងឪ ២ធុង ស្រុកតំបែរ២ធុង ស្រុកក្រូចឆ្មារ២ធុង ក្រុងសួងចំនួន២ធុង ទីបញ្ជាការដ្ឋានសឹករងត្បូងឃ្មុំ១ធុង ស្នងការនគរបាលខេត្ត១ធុង ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ១ធុង សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត៧ធុង និងមន្ទីរសុខាភិបាលខេត្តផងដែរ៕