Social Network

មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ផ្តល់ពូជបន្លែនិងណែនាំការដាំដុះតាមបច្ចេកទេស ដល់ប្រជាកសិករ ក្នុងស្រុកក្រូចឆ្មារ

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាខេត្តត្បូងឃ្មុំ នាពេលកន្លងទៅថ្មីៗនេះ បានដឹកនាំសហការី ចុះពិនិត្យការដាំដុះបន្លែរបស់កសិករ ហៃ ហេង ស្ថិតនៅភូមិព្រែកអាជី

ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ តាមការស្នើសុំរបស់គាត់ ដែលបានដាំត្រសក់ចំណារលើដី ៥.០០០ម៉ែត្រការ៉េ បានដាំដុះកាលពីសប្ដាហ៍ទី២ ខែវិច្ឆិកា អាចប្រមូលផលនៅសប្ដាហ៍ទី២ ខែធ្នូ និងបានដាំស្ពៃឡាវ លើដី ៣.០០០ម៉្រែតការ៉េ បានដាំដុះនៅសប្ដាហ៍ទី៣ ខែវិច្ឆិកា អាចប្រមូលផលនៅសប្ដាហ៍ទី២ ខែធ្នូ ។

ក្នុងការចុះពិនិត្យនាឱកាសនោះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាខេត្តត្បូងឃ្មុំ បានឲ្យឃើញថា ៖ កសិករ បានដាំដុះដំណាំមិនទាន់បានត្រឹមត្រូវតាមបច្ចេកទេស មានស្មៅដុះច្រើនលើរងដំណាំ និងមិនលើករងឲ្យបានល្អ ដែលអាចក្លាយជាសំបុកសត្វល្អិតចង្រៃ។

លោក បានណែនាំក្នុងការតម្រង់ទិស ដល់កសិករគួរប្រើប្រាស់គម្របថង់ប្លាស្ទិច គ្របរងដំណាំត្រសក់ ងាយស្រួលក្នុងការថែទាំ ការពារកុំឲ្យស្មៅដុះ ចំណេញកម្លាំងពលកម្ម ចំណេញវេលា និងថវិកា។

ស្ពៃ ដាំត្រូវលើករងកម្ពស់យ៉ាងហោច១៥សម និងត្រូវមានទទឹងរង១,២ម៉ែត្រ ងាយក្នុងការដកស្មៅ ដាក់ជី ថែទាំដំណាំ ។

ក្នុងឱកាសនោះផងដែរ យលោក ហេង ពិសិដ្ឋ បាននាំយកគ្រាប់ពូជបន្លែមួយចំនួនចែកជូនដល់កសិករសម្រាប់ដាំដុះបន្ថែម និងដាំដុះនៅវគ្គបន្ទាប់ផងដែរ៕