Social Network

អាជ្ញាធរខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យដំណាំស្រូវពូជសង្គ្រោះបន្ទាន់ របស់បងប្អូនប្រជាកសិករឃុំប៉ើស២ និងឃុំបឹងព្រួល ស្រុកក្រូចឆ្មារ

នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូមន្ទីរកសិកម្មខេត្ត

ចុះត្រួតពិនិត្យដំណាំស្រូវរបស់បងប្អូនប្រជាកសិករឃុំប៉ើស២និងឃុំបឹងព្រួល ដែលទទួលបានស្រូវពូជសង្គ្រោះបន្ទាន់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅចំណុចបឹងគូ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ និងបឹងរាំង ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ។

បន្ទាប់ពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីជំនាញបង្ហាញពីបច្ចេកទេសដាំដុះស្រូវ ការថែទាំនិងវិធានការទប់ស្កាត់កត្តាចង្រៃ ដល់បងប្អូនប្រជាកសិករនិងអាជ្ញាធរមូលដ្ឋានរួចមក ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានប្រសាសន៍ថា ៖

ស្រូវពូជសង្គ្រោះបន្ទាន់ដែលរាជរដ្ឋាភិបាល ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនាន់នាពេលកន្លងមក បានបង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជានិច្ច។

ទាំងនេះហើយ គឺអ្វីដែលរាជរដ្ឋាភិបាលចង់បាន និងចង់ឃើញប្រជាពលរដ្ឋដែលបាននិងកំពុងជ្រកក្រោមម្លប់សុខសន្តិភាព រស់នៅប្រកបដោយភាពសុខសាន្ត ជីវភាពសម្បូរសប្បាយ មានសុភមង្គលគ្រប់ៗក្រុមគ្រួសារ។

ហេតុនេះ ឯកឧត្តម សំណូមពរឱ្យប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវចូលរួមការពារឱ្យបាននូវសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ។

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត បានស្នើដល់រដ្ឋបាលឃុំប៉ើស២ និងឃុំបឹងព្រួល ធ្វើការប្រជុំពិភាក្សា កំណត់ព្រំប្រទល់បឹងឲ្យបានច្បាស់ និងពិនិត្យលទ្ធភាពធ្វើទំនប់ព័ទ្ធជុំវិញរក្សាទឹកទុកឲ្យបានច្រើន ចៀសវាងខ្វះទឹកនៅពេលស្រូវចេញកួរ ចេញផ្កា ដាក់ម្សៅ និងគ្រាប់ស្រូវពេញទឹកល្អ ឈានទទួលបានទិន្នផលខ្ពស់។

ជាមួយគ្នានោះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវថែររក្សាការពារសុខភាព គោរពតាមវិធានការរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន និងចូលរួមគោរពច្បាប់ចរាចរណ៍ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងខិតខំរកស៊ីទទួលទានតាមរយៈការចិញ្ចឹមសត្វ ដាំដំណាំ និងមុខរបរផ្សេងៗទៀត ក្នុងគោលបំណងបង្កើនជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា ឃុំប៉ើស២ មានផ្ទៃដីស្រូវប្រដេញទឹកខូចខាតដោយជំនន់ទឹកភ្លៀង ២៤៥ហិកតា ស្មើនឹង២៦៨គ្រួសារ ទទួលបានស្រូវពូជ ១៣.៤០០គក្រ និងឃុំបឹងព្រួល មានផ្ទៃដីស្រូវប្រដេញទឹកខូចខាតដោយជំនន់ទឹកភ្លៀង ១៩៣ហិកតា ស្មើនឹង២២២គ្រួសារ ទទួលបានស្រូវពូជ ១១.១០០គក្រ ដែលមកដល់បច្ចុប្បន្ន បានស្តារឡើងវិញជាស្ថាពរហើយកំពុងមានលូតលាស់ល្អ៕