Social Network

កសិករដាំដំណាំដាំត្រសក់ចំណារនៅឃុំព្រែកអាជី ស្រុកក្រូចឆ្មារ សប្បាយរីករាយព្រោះដំណាំត្រសក់ពេលនេះ មានតម្លៃល្អប្រសើរនៅលើទីផ្សារ

នារសៀលថ្ងៃ០៤ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹងនាំមន្ត្រីក្រោមឱវាទ បន្តចុះសួរសុខទុក្ខប្រជាកសិករដាំបន្លែឈ្មោះ ឈាន នី នៅភូមិព្រែកអាជី

ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ដែលដាំត្រសក់ចំណារលើផ្ទៃដី៧០អារ ដែលគ្រោងប្រមូលផលនៅដើមសប្តាហ៍ក្រោយនេះហើយ។ នាឱកាសនោះលោក ឈាន នី និងក្រុមគ្រួសារ បានបង្ហាញពីក្តីសប្បាយរីករាយព្រោះដំណាំត្រសក់ចំណារពេលនេះ មានតម្លៃល្អប្រសើរ ហើយសង្ឃឹមថាលើផ្ទៃដីនេះ គាត់នឹងអាចបានចំណូលមិនក្រោម ១០.០០០ដុល្លានោះទេ។

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត ក៏បានសំដែងនូវការសប្បាយរីករាយជាមួយលោក ឈាន នី និងក្រុមគ្រួសារ និងស្នើសុំអោយលោក ព្យាយាមអនុវត្តតាមបច្ចេកទេសទាំងការដាំដុះថែទាំនិងការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតនិងកត្តាចង្រៃ។

ទន្ទឹមនេះ ឯកឧត្តម ហាក់ សុខមករា បានផ្ដាំផ្ញើដល់រដ្ឋបាលឃុំ ធ្វើការប្រជុំពិភាក្សា ពិនិត្យលទ្ធភាពរក្សាទឹកទុកក្នុងអូរ ព្រែកឲ្យបានច្រើន ដើម្បីដាំដុះបន្លែឲ្យបានច្រើនដង ព្រោះបន្លែឆាប់ទទួលបានចំណូលដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ ជាពិសេសក្នុងវិបត្តិកូវីដ ១៩នេះ តម្រូវការបន្លែខ្ពស់ ហើយរាជរដ្ឋាភិបាល ក៏ដាក់ផែនការជាអាទិភាពជំរុញផលិតកម្មដំណាំអាយុកាលខ្លីនិងចិញ្ចឹមត្រី សត្វ។

សូមបញ្ជាក់ថា ស្រុកក្រូចឆ្មារ មានផ្ទៃដីដាំបន្លែរដូវប្រាំងចំនួន ១០៦ហិកតា រួមមាន ត្រឡាច៥ហិកតា ល្ពៅ ១២ហិកតា ត្រសក់ចំណារ ២៣ហិកតា ប៉េងប៉ោះ ៣១ហិកតា ត្រសក់ស្រូវ ១០ហិកតា ម្ទេសប្លោក ៥ហិកតា ត្រប់វែង ១២ហិកតា ដំឡូងជ្វា ១៧ហិកតា ឪឡឹក ៦ហិកតា ស្ពៃក្តោប ៨ហិកតា ល្ហុង ០,៥ហិកតា។

ឃុំដែលដាំបន្លែច្រើនជាងគេមានឃុំកំពង់ទ្រាស ព្រែកអាជី និងឃុំទ្រានាពេលនេះ ដំណាំនីមួយៗ បានប្រមូលផលបណ្តើរៗហើយ៕