ត្បូងឃ្មុំ ៖ នាថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០១៤ នៅសណ្ឋាគារ ហេង សុខា បានប្រារព្ធពិធី បិទវគ្គអប់រំ សមត្តភាពវិជ្ជាជីវៈ ដល់អាជីវករ លក់ដុំ លក់រាយ សម្ភារៈកសិកម្ម ក្រោមអធីបតីភាព ឯកឧត្តម ប៉ែន កុសល អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ
និងដោយមានការ អញ្ជើញចូលរួមពី តំណាងអភិបាលក្រុង _ស្រុក ថ្នាក់ដឹកនាំមន្ទីរ និងសិក្ខាកាម ចូលរួមចំនួន ១១១នាក់ ក្នុងនោះស្រ្តីចំនួន ២២នាក់ ផងដែរ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ បានឡើងអានរបាយការណ៍ថា ៖ យោងតាមមាត្រា ៨៥នៃច្បាប់ ស្ដីពីការគ្រប់គ្រង ថ្នាំកសិកម្ម និងជីកសិកម្ម បានតម្រូវឲ្យ អាជីវករលក់ដុំ លក់រាយ សម្ភារៈកសិកម្ម អនុវត្តកាតព្វកិច្ច ឆ្លងកាត់វគ្គអប់រំ សមត្ថភាពវិជ្ជាជីវៈ ជាមុនសិន ក្នុងបំណងឲ្យអាជីវករ ទាំងអស់ បំពេញនូវ ក្របខណ្ឌច្បាប់ និងបានយល់ដឹង កាន់តែច្បាស់ ពីររបៀបប្រើប្រាស់ជី និងថ្នាំកសិកម្ម បម្រើសេវាបមាណីយ សម្ភារៈកសិកម្ម បានត្រឹមត្រូវតាម គោលការណ៍បច្ចេកទេស ព្រមទាំងមាន ការយល់ដឹងពី គុណសម្បត្តិ និងគុណវិបត្តិ នៃការប្រើប្រាស់ សម្ភារៈកសិកម្ម ។
លោក បន្តទៀតថា៖ ការបើកវគ្គអប់រំ សមត្តភាពនេះ មានសិក្ខាកាមចូលចំនួន ១១១នាក់ ក្នុងនោះស្រ្តីចំនួន ២២នាក់ ដែលចាប់ផ្ដើមពីថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០១៤ និងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយមានគ្រូឧទ្ទេសនាមចំនួន ៧រូប មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ផ្ដោតទៅលើមុខ វិជ្ជាដូចជា ៖ ការយល់ដឹងទូទៅ ស្ដីពីសម្ភារៈកសិកម្ម តម្រូវការគតិយុត្ត ក្នុងការធ្វើអាជីវកម្ម សម្ភារៈកសិកម្ម ការយល់ដឹងអំពីជីកសិកម្ម ការយល់ដឹងអំពី បសុឱសថ ការយល់ដឹង អំពីចំណីសត្វ ការយល់ដឹងអំពី ថ្នាំកសិកម្ម ការយល់ដឹងអំពី ពូជដំណាំ ។
ឯកឧត្តម ប៉ែន កុសល បានផ្ដាំផ្ញើចំពោះ បងប្អូនអាជីវករ អ្នកលក់ដុំ លក់រាយ សម្ភារៈកសិកម្មទាំងអស់ ត្រូវយកចំណេះដឹង ដែលទទួលបាននេះ ទៅប្រើប្រាស់ឲ្យចំគោលដៅ ប្រកបដោយការ ទទួលខុសត្រូវ និងឲ្យក្លាយជាគ្រូពេទ្យ លើដំណាំគ្រប់ប្រភេទ ធានា ការបង្កើតផលិតភាព កសិកម្មចង្រៃ ទ្រទ្រង់វិស័យ កសិកម្ម ឲ្យឈានឡើងដូចបណ្ដា ប្រទេសអភិវឌ្ឍ ដែលមន្ត្រីកសិកម្ម គ្រប់ថ្នាក់ ត្រូវបន្តអនុវត្ត ការអប់រំផ្សព្វផ្សាយ ណែនាំអំពីគ្រោះថ្នាក់ និងហានិភ័យ ដែលអាចបង្កឡើងដោយ ការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្ម មិនត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស និងមានការក្លែង បន្លំគុណភាព អាជ្ញាធរដែនដីក្រុង ស្រុក កងកំលាំងប្រដាប់អាវុធ ត្រូវផ្ដល់ការ គាំទ្រសហការណ៍ជាមួយ សមត្តកិច្ចជំនាញ នៃមន្ទីរកសិកម្ម ដើម្បីជួយផ្សព្វផ្សាយ និងចាត់វិធាន ការទប់ស្កាត់រាល់បទល្មើស ថ្នាំកសិកម្ម និងជីកសិកម្ម អោយមានប្រសិទ្ធភាពខ្ពស់ ចំពោះសមត្តកិច្ច គ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរ មានសមត្តកិច្ច ពាក់ព័ន្ធនៅ តាមបណ្ដាលច្រកព្រំដែន ប្រទេសជិតខាង ត្រូវត្រួតពិនិត្យការ នាំចូលសម្ភារៈកសិកម្ម ដែលខុសច្បាប់ ឫសម្ភារកសិកម្ម ក្លែងគុណភាព ឫខូចគុណភាព។
ឯកឧត្តម បានថ្លែងអំណរគុណ ដល់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងមន្ទីរកសិកម្ម ខេត្ត ដែលបានខិតខំ ប្រឹងប្រែង ក្នុងការបើកវគ្គ បណ្ដុះបណ្ដាល ដល់អាជីវករលក់ សម្ភារៈកសិកម្ម ឲ្យមានសមត្តភាព គ្រប់គ្រាន់អាចយក ទៅបម្រើសេវាកម្ម ក្នុងមុខរបររបស់ខ្លួន ប្រកបបាន ដោយជោគជ័យ ៕