ខេត្តត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំ គឺជាខេត្តបង្កើតថ្មី ដោយបំបែកចេញពី ខេត្តកំពង់ចាម មានព្រំប្រទល់ជាប់ ខាងលិចជាប់ នឹងខេត្តកំពង់ចាម ខាងត្បូងជាប់ នឹងខេត្តព្រៃវែង ខាងកើតជាប់ នឹងប្រទេសវៀតណាម និងខាងជើងជាប់ នឹងខេត្តក្រចេះ
ចែកចេញជា ០៦ស្រុក ០១ក្រុង ៦២ឃុំ ០២សង្កាត់ ៨៦៥ភូមិ ប្រជាពលរដ្ឋសរុបចំនួន ១៧៩,៨៣៣គ្រួសារ គិតជាមនុស្ស រាយចំនួន ៨២១,០៤៣នាក់ និងផ្ទៃដីសរុប ៥,២៥០,៥១ គម២ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសដាក់ ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ដ៏ខ្ពងខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនេះ។
ក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលសាលាខេត្តបាន និងកំពុងមមាញឹក ក្នុងការរៀបចំគម្រោង កសាងទីក្រុង នៃទីរួមខេត្ត និងត្រៀម សហការជាមួយមន្ត្រី នៃក្រសួង ពាក់ព័ន្ធលើការងារ រៀបចំប្លង់ និងគម្រោងលម្អិត ដោយផ្អែកលើប្លងគោល ការងារដោះស្រាយ ផលប៉ះពាល់ និងភារៈកិច្ចចំពោះមុខ ដ៏ទៃទៀត ដើម្បីឲ្យដំណើរការរៀបចំ និងរៀបចំកសាង ទីក្រុងនេះ បានចេញដំណើរការ ជារូបរាងពិតប្រាកដ ។
ការសាងសង់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ គឺជាជំហ៊ានដំបូង ដែលប្រារព្ធធ្វើ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ ខ្ពងខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការនៃព្រឹទ្ធសភា រដ្ឋសភា រាជ រដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជំវិញខេត្ត ផងដែរ។
បន្ទាប់ពីមតិស្វាគមន៍ របស់ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃអភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើរបាយការណ៍ ទាក់ទងទៅ និងការសាងសង សាកលវិទ្យាល័យ ដែលនិងបើកការដ្ឋាន នាឱកាសនេះ ចំពោះមុខគម្រោង ស្ថាបត្យកម្មគឺ ៖ អគារធំនៃសាកលវិទ្យាល័យ មានកំពស់ ០៣ជាន់ ផ្ទៃសំណង់ប្រមាណ ៦,០០០ម៉ែក្រឡា មានបន្ទុប់សរុបទាំងតូច ទាំងធំចំនួន ៤៥បន្ទប់ ហើយជំហានជាបន្តបន្តាប់ នឹងមានការសាងសង់ សាលប្រជុំធំ បណ្ណាល័យ រោងជាង អាហារដ្ឋាន អន្តេរវាសិកដ្ឋាន សម្រាប់សាស្រ្ដាចារ្យ និងនិស្សិត សាលបណ្ដុះបណ្ដាលវិជ្ជាជីវៈ កន្លែងជួបជុំ សួនច្បារ រួមទាំងសំណង់ និងការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង បានគួរបញ្ជាក់ថា ៖ ស្របពេលដែលវិស័យអប់រំ កំពុងមានការអភិវឌ្ឍ រីកចម្រើន ឥតឈប់ឈរ ការងារកសាង និងបណ្ដុះបណ្ដាល ធនធានមនុស្ស កំពុងក្លាយជាតម្រូវការចាំបាច់ ដែលត្រូវដោះស្រាយ ជាចម្បង ដើម្បីផ្ដល់ឱកាស ដល់សិស្សានុសិស្ស ដែលបានបញ្ចប់ ការសិក្សានៅថ្នាក់ មធ្យមសិក្សា មានលទ្ធភាពបន្តការ សិក្សានៅថ្នាក់ឧត្តមសិក្សា និងក្រោមឧត្តមសិក្សា ជាបន្តទៀត។
ទោះបីមានគ្រឹះស្ថាន ឧត្តមសិក្សា រួមមានសាកលវិទ្យាល័យ និងវិទ្យាស្ថាន បាននិងកំពុងដំណើរការ នៅតាមបណ្ដាលខេត្ត ជិតឆ្ងាយ និងរាជធានីភ្នំពេញ ក៏ដោយ ក៏នៅមានសំណូមពរ និងតម្រូវការជាច្រើន ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ ជាពិសេសនៅ ក្នុងភូមិសាស្រ្ត និងអតីកាលដ៏យូរលង់ និងខេត្តជិតខាង ទទូចចងបានការងារ បណ្ដុះបណ្ដាលមុខវិជ្ជា និងជំនាញឯកទេស ក្នុងចរិតសំបូរបែប ជាលក្ខណៈពហុវិស័យ និងមួយផ្នែកទៀត ឆ្លើយតបទៅ នឹងសក្ដានុពល អំណោយផលរបស់ខេត្តផង និងមួយផ្នែកទៀត ដើម្បីទីផ្សារការងារ ទូលំទូលាយផង ។
ដើម្បីឆ្លើយតប ទៅនិងតម្រូវការ និងសំណូមពរខាងលើ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដួចផ្ដើមគំនិត ដ៏ឈ្លាសវៃ ដោយក្ដីគោរព កៀរគរ ប្រមែប្រមូល ការរួមចំណែក និងការចូលរួមពីឥស្សរជន និងសប្បុរជន និងបានប្រគល់ភារកិច្ច ជួនឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំដោយផ្ទាល់ ក្នុងការងារចលនា ស្វែងរកការចូលរួម ចំណែកឈានទៅរក ការសាងសង់ សាកលវិទ្យាល័យ ជាប្រវត្តិសាស្រ្ត ដែលមានឈ្មោះថា សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលត្រូវប្រារព្ធពិធី បើកការដ្ឋានសាងសង់ នាឱកាសដល់ឧត្តុង្គឧត្តមនេះ និងមានទីតាំងស្ថិតនៅក្នុង តំបន់ចំការព្រៃមៃសាក់ ដែលជាទីតាំងសំរាប់កសាង ទីប្រជុំជន នៃទីរួមខេត្តត្បូងឃ្មុំ ដោយមានវិសាលភាព គ្របដណ្ដប់ចំការ ព្រៃមៃសាក់ ទាំងមូលរហូតដល់ផ្លូវជាតិលេខ៧ ហើយនាថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ខាងមុខនេះ និងមានការប្រារព្ធ ពិធីបើកការសាងសង់ទីក្រុង នៃទីរួមខេត្តត្បូងឃ្មុំ ក្រោមអធិបតិភាព ដ៏ខ្ពងខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
បន្ទាប់មកឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រួមជាមួយគណៈប្រតិភូអមដំណើរ បានអញ្ជើញចែកអំណោយ និងបញ្ជារគ្រឿងចក្រ ព្រមទាំងការទស្សនា គម្រោងប្លង់ សាងសង់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុ៕