Social Network

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយកាកបាទក្រហមខេត្ត ចែកជូនពលរដ្ឋ២១០គ្រួសារ ជាជនងាយរងគ្រោះ ដែលរងឥទ្ធិពលដោយការរីករាលដាលជំងឺកូវីដ១៩

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ អញ្ជើញបន្តចុះសួរសុខទុក្ខ

នាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ដែលរងឥទ្ធិពលដោយការរីករាលដាលជំងឺកូវីដ១៩ ចំនួន២១០គ្រួសារ នៅចំនួន០៤ទីតាំងផ្សេងគ្នា ក្នុងភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះមានការចូលរួមពីឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការ នាយកសាខា និងក្រុមការងារសាខាកាកបាទក្រហមខេត្ត-ស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ ជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ដែលរងឥទ្ធិពលដោយការរីករាលដាលជំងឺកូវីដ១៩ ដោយក្តីនឹករលឹកបំផុត។

ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត គូសបញ្ជាក់ថា នៅទីណាមានទុក្ខលំបាកទីនោះគឺមានវត្តមានសម្ដេចទាំងទ្វេ ដែលតែងតែព្រួយបារម្ភ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ពេលគ្រប់វេលា។

កាកបាទក្រហម ត្រូវបានផ្សារភ្ជាប់ជាមួយពលរដ្ឋ គ្រប់កាលៈទេសៈទាំងអស់ ពោលគឺពលរដ្ឋក្រីក្រលំបាក រងគ្រោះធម្មជាតិ ពិសេសរងឥទ្ធិពលដោយសារជំងឺកូវីដ១៩ ទោះបីសម្ដេចមិនបានអញ្ជើញមកផ្ទាល់ក៍ដោយ តែអំណោយទាំងអស់ គឺបាននាំយកមកផ្ដល់ជូនដល់ដៃបងប្អូនគ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានណែនាំឱ្យបងប្អូនទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ រក្សាគម្លាតសង្គម ពាក់ម៉ាស់ លាងដៃនឹងអាល់កុលឬជែល ពិសេសអនុវត្តន៍តាមវិធានការ <<៣កុំ ៣ការពារ>> ឲ្យបានជាប់ជាប្រចាំ។

បន្ថែមពីនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងប្រាប់បងប្អូនជនងាយរងគ្រោះ ពីច្បាប់ថ្មីដែលទើបដាក់ឲ្យអនុវត្ត នូវកម្រិតទោសទណ្ឌ និងការផាកពិន័យ ចំពោះរាល់ការគេចវេសនៃការធ្វើចត្តាឡីស័ក ឱ្យបងប្អូនបានជ្រួតជ្រាបយល់ច្បាស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ covid 19 នៅកម្ពុជា។ ចំពោះអំណោយដែលផ្តល់ជូននាឳកាសនោះទាំង២១០គ្រួសារ ក្នុង០១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១ឡូ ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប សាប៊ូ១ដុំ ម៉ាស់ និងថវិការមួយចំនួន៕