Social Network

អភិបាលស្រុកក្រូចឆ្មារ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ សកម្មភាពការជីកប្រឡាយទឹក ប្រវែងប្រមាណ៧គីឡូម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា

ដោយមើលឃើញពីការលំបាក និង ទទួលបានសំណូមពរពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលខ្វះខាតប្រភពទឹកប្រើប្រាស់ស្រោចស្រព ស្រែចំការនៅក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ

សម្តេចេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជាមួយការផ្តល់ជូន គម្រោងសាងសង់ និងជីកប្រឡាយធ្វើជាប្រព័ន្ធធារាសាស្ត្រ នេះ គឺដើម្បីបងប្អូនប្រជាកសិករ មានទឹកប្រើប្រាស់ សម្រាប់ស្រោចស្រពផ្ទៃដីស្រែរបស់ពួកគាត់។

ក្នុងឳកាសបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យ សកម្មភាពការជីកប្រឡាយទឹក ធ្វើជាប្រព័ន្ធធារាសាស្រ្ត សម្រាប់លើកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងការងារបង្កបង្កើនផលកសិកម្ម នៅក្នុងភុមិសាស្រ្ត ភូមិ បារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ បានឲ្យដឹងថា ទីតាំងភូមិសាស្រ្ត ដែលមានសក្តានុពល និងភាពអំណោយផលដែលមានស្រាប់ ខាងលើនេះ នឹងប្រែក្លាយទៅជាតំបន់នេះ ទៅជាតំបន់កសិកម្មពហុបំណង និង ជាតំបន់អេកូទេសចរណ៍ ជាពិសេសសមស្របសម្រាប់ បម្រើដល់ការស្រោចស្រព ពង្រីកផ្ទៃដីដាំដុះ និងបង្កើនបរិមាណផលស្រូវ និងដំណាំចំការ ផ្សេងៗ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបានរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងសមិទ្ធផលជាប្រយោជន៍ដល់ប្រជាកសិករថ្មីៗបន្ថែមទៀត និងឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ឥតឈប់ឈរជាបន្ត។

បើតាមលោក អភិបាលស្រុករូបនេះ បញ្ជាក់ថា ប្រឡាយទឹកនេះមានប្រវែង ៧គីឡូម៉ែត្រ នៅក្នុងភូមិសាស្រ្ត ភូមិបារាយ ឃុំឈូក ដោយមានប្រភព មកពីស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឆ្លងកាត់តាមភូមិសាស្រ្តនៃស្រុកក្រូចឆ្មារទាំងមូល និងបន្តដល់ព្រែកពាមជីឡាំង ក្នុងស្រុកត្បូងឃ្មុំ ៕