Social Network

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ របស់ខ្លួន ដើម្បីពង្រឹងលើប្រសិទ្ធភាពការងាររបស់រដ្ឋបាលខេត្ត អោយកាន់តែល្អប្រសើរឡើងថែមទៀត

ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំសាមញ្ញលើកទី២៤

អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាល នាយកទីចាត់ការ ប្រធានច្រកចេញចូលនៃសាលាខេត្ត និងប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធមួយចំនួន។

ថ្លែងនាឱកាសនោះ ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ខែ ហើយពិតជាមានសារ:សំខាន់ចំពោះការតាក់តែងនូវ ឯកសារសម្រាប់កិច្ចប្រជុំពិសេស គឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម។

ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមករបស់ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹងនាំខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងក្រុមការងារអនុគណៈកម្មការស្រាវជ្រាវ និងតាមដានកូវីត១៩ថ្នាក់ខេត្ត ដែលបានរួមគ្នាទប់ស្កាត់ទាន់ពេលវេលានិងមានប្រសិទ្ធខ្ពស់ រក្សាបានស្ថានភាពល្អប្រសើរក្នុងមូលដ្ឋាន មិនឲ្យមានការរាលដាលដល់អ្នកដទៃទៀត ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជំរុញមន្រ្តីជំនាញទាំងអស់ ត្រូវរួមសហការគ្នា ត្រូវចុះសិក្សាផ្តល់ប្រឹក្សាផ្នែកបច្ចេកទេសដល់ប្រជាពលរដ្ឋ ពិសេសបែងចែកថាតើត្រូវដាំដំណាំ បន្លែអ្វី ដែលមានទីផ្សារល្អ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋងាកមកដាំដុះដំណាំរួមផ្សំនិងបន្លែបង្ការផ្សេងៗ ដើម្បីកាត់បន្ថយការចំណាយ និងរកប្រាក់ចំណូលបន្ថែមជួយទ្រទ្រង់ជីវភាពគ្រួសារ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានក្រើនរំលឹកផងដែរដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនបើមានបញ្ហាអ្វី ត្រូវរាយការណ៍ជូនថ្នាក់លើដើម្បីសិក្សាដោះស្រាយជូនពួកគាត់ភ្លាមផងដែរ។

ក្នុ្ងងកិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត និងសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ដោយសម្រេចយល់ព្រម សម្លេងគាំទ្រ២៥លើ២៥សម្លេង ព្រមទាំងបានឆ្លើយតប ដោះស្រាយជុំវិញបញ្ហាប្រឈមមួយចំនួនដែលបានលើកឡើងក្នុងកិច្ចប្រជុំនោះផងដែរ៕