Social Network

ភាគីថៃ ស្នើដាក់បញ្ចូល បទល្មើសជួញ ដូរសត្វព្រៃ និងឈើប្រណិត ជាប្រភេទ ឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខ័ណ្ឌ អាស៊ាន

សៀមរាប ៖ កិច្ចប្រជុំថ្នាក់ ឧត្តមមន្ត្រីអាស៊ាន លើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធ ស្ដីពី ឧក្រិដ្ឋកម្មឆ្លង (SOMTC) បានរៀបចំធ្វើនៅ ក្រុងសៀមរាប នាសប្ដាហ៍នេះ

(ថ្ងៃទី៩ ដល់ទី ១១ ខែមិថុនា ២០១៥) ក្នុងនោះភាគីព្រះ រាជាណាចក្រថៃ បានស្នើសុំដល់អង្គប្រជុំ នាពេលនេះ ពិនិត្យ និងសម្រេចលើ សំណើរបស់ខ្លួន ដែលស្នើឲ្យដាក់ បញ្ចូលបទល្មើស ជួញដូសត្វព្រៃ និងឈើប្រណិត ទៅជាប្រភេទមួយទៀត នៃឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្រប ខ័ណ្ឌអាស៊ាន ។

កិច្ចប្រជុំនេះ គឺស្ថិតក្នុងអធិបតីភាពរបស់ លោកឧត្តមសេនីយ៍ តេង សាវង្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង ជាតំណាងរបស់ លោកឧបនាយក រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងមាន វត្តមានចូលរួមពីថ្នាក់ ឧត្តមមន្ត្រីអាស៊ាន ពីប្រទេសអាស៊ាន ទាំង១០  ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត រួមទាំងគណៈ ប្រតិភូប្រទេសនានា ចំនួន ១០ទៀត ដូចជា ប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ដ្រាលី កាណាដា សហភាពអឺរ៉ុប ឥណ្ឌា នូវែលហ្សឺឡង់ រុស្សី និងសហរដ្ឋអាមេរិក ជាមួយគ្នានោះផងដែរ ក៏មានអង្គការ អន្ដរជាតិ ដូចជា UNODC, INTERPOL, AAPTIP, ACWC សម្រាប់ការប្រជុំ និងសន្ទនាប្រចាំឆ្នាំ សរុបប្រមាណជា ៧០រូប ។

លោក សៀង ឡាប្រិស ទីប្រឹក្សា រដ្ឋាភិបាលកម្ពុជា និងជាប្រធាន នៃកិច្ចប្រជុំ SOMTC លើកនេះ បានមាន ប្រសាសន៍នៅក្នុង ឱកាសបើក កិច្ចប្រជុំនោះថា អង្គប្រជុំទាំងនេះ ក្នុងគោលបំណង ដើម្បីពិនិត្យមើល សន្ដិសុខពិភពលោក និងដើម្បីចង្អុល បញ្ជាក់លើបញ្ហា ប្រឈម និងហានិរភ័យ នៃឧក្រិដ្ឋកម្ម ឆ្លងដែន ដូចជា អំពើភេរវកម្ម ការជួញដូមនុស្ស ការសំអាតប្រាក់ ការរត់ពន្ធ គ្រឿងញៀន ការរត់ពន្ធអាវុធ ឧក្រិដ្ឋកម្មសេដ្ឋកិច្ច ការប្លន់តាមលំហសមុទ្រ និងឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យា ព្រមទាំងដើម្បីអនុម័តលើយន្ដការនានា និងផែនការការងារមួយចំនួន ដើម្បីដាក់ទោសទ័ណ្ឌក្នុងកម្រិតតំបន់ និងកម្រិត ពិភពលោក ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ដែលមានការចាត់តាំង ។

លោកឧត្តម សេនីយ៍ តេង សាវង្ស បានមានប្រសាសន៍ នៅក្នុងពេល បើកកិច្ចប្រជុំនេះ ថា យើងមានបំណង និងមានឆន្ទៈ មោះ មុតរូមគ្នា ក្នុងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន នៅក្នុងតំបន់អាស៊ាន និងពិភពលោក ។ ចំពោះ បទល្មើសទាំង៨ គឺ អំពើភេរវកម្ម ការជួញដូមនុស្ស ការសំអាតប្រាក់ ការរត់ពន្ធគ្រឿងញៀន ការរត់ពន្ធអាវុធ ឧក្រិដ្ឋកម្មសេដ្ឋកិច្ច ការប្លន់តាម លំហសមុទ្រ និងឧក្រិដ្ឋកម្ម តាមបច្ចេកវិទ្យា គឺជាបទល្មើស ដ៏គ្រោះថ្នាក់ សម្រាប់ប្រទេសកម្ពុជា ក៏ដូចជា ប្រទេស ក្នុងតំបន់ និងសកលលោក ។

លោកបាន គូសបញ្ជាក់ថា កាលដែលយើងត្រូវជួបជុំ គ្នានាពេលនេះ គឺ ដើម្បីពិភាក្សា  ផ្លាស់ប្ដូរយោបល់ និងចែករំលែកបទ ពិសោធន៍គ្នា ទៅវិញទៅមក សំដៅស្វែងរក នូវវិធានការ ឆ្លើយតបទៅនឹងការរីករាលដាល នៃបទល្មើសទាំងនេះ ។ ចំពោះ បញ្ហា សន្ដិសុខសេដ្ឋកិច្ច សុខមាលភាព និងសេចក្ដីសុខ របស់ប្រជាជន ពិតជាទទួល រងនូវហានិភ័យ និងការបំផ្លិចបំផ្លាញ ជាក់ជាមិនខាន ប្រសិនបើមិនមានការដាក់ ចេញនូវវិធានការ ក្នុងការប្រយុទ្ធប្រឆាំង នឹងបទល្មើសទាំងនេះ ឲ្យបានសមស្របទេនោះ ។

លោករំលឹកថា សេចក្ដីប្រកាស់ របស់អាស៊ាន ស្ដីពី ឧក្រិដ្ឋកម្មឆ្លងដែន កាលពីថ្ងៃទី២០ ធ្នូ ឆ្នាំ១៩៩៧ នៅទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន គឺជាទស្សនៈវែងឆ្ងាយ ក្នុងបុព្វហេតុសន្ដិសុខ របស់អាស៊ាន ។ លោកបានបញ្ជាក់ថា ក្នុងនាមក្រសួងមហាផ្ទៃ កម្ពុជា បានចាត់ទុកថា សេចក្ដីប្រកាសនេះ  បានដើរតួនាទីយ៉ាងសំខាន់ ជាផែនទីបង្ហាញផ្លូវ សម្រាប់ប្រទេស ជាសាមាជិកអាស៊ាន ទាំងអស់ ក្នុងការខិតខំប្រឹងប្រែង រិះរកមធ្យោបាយ នានា និងការបង្កើនកិច្ច សហការជាមួយប្រទេសដៃគូរ និងជាសកល ដើម្បីសម្រេចឲ្យបាន នូវគោលដៅជាសាវន្ដ នៃការប្រយុទ្ធ ប្រឆាំងនឹង ឧក្រិដ្ឋកម្មឆ្លងដែន ។

លោកក៏បានលើកឡើងថា កន្លងមកក្រោមការ ដឹកនាំដោយមន្ដ្រី តំណាងប្រទេស ឥណ្ឌូនេស៊ី អនុសញ្ញា អាស៊ានប្រឆាំង អំពើភេរវកម្ម ត្រូវបានអនុម័ត រួចរាល់ហើយ ។ ទន្ទឹមនេះ អនុសញ្ញា ប្រឆាំងការជួញដូមនុស្ស ជាពិសេសស្ដ្រី និងកុមារ ព្រមទាំង ផែនការសកម្មភាព អាស៊ាន ក័ត្រូវបានបញ្ចប់ ផងដែរ ។ សម្រាប់កិច្ច ប្រជុំលើកទី១៥ នាពេលនេះ នឹងសម្រេច លើអនុសញ្ញា ទាំងនេះ រួចបញ្ជូនទៅស្នើសុំការ គាំទ្រពីកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រី មុននឹងស្នើ ជួនទៅកិច្ចប្រជុំ កំពូលអាស៊ាន អនុម័ត និងចុះហត្ថលេខា នៅចុងឆ្នាំ២០១៥ នៅប្រទេសម៉ាឡេស៊ី ៕

 

 

 

ដកស្រង់ពី៖ដើមអម្ពិល