Social Network

នាថ្ងៃស្អែកនេះ ឯកឧត្តម ប៉ែន កុសល្យ នឹងប្រកាសចូលកាន់តំណែងជាអភិបាលខេត្តត្បូងឃ្មុំ, ខណៈថ្ងៃនេះ បានអុធធូបបួងសួងសុំសេចក្តីសុខ មានដល់មន្ត្រីរាជការ និងពលរដ្ឋទូទាំងខេត្ត

(ត្បូងឃ្មុំ): នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ស្អែកនេះ នៅសាលាខេត្តត្បូងឃ្មុំ ឯកឧត្តមអភិសន្តិបណ្ដិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញប្រកាស ឯកឧត្តម ប៉ែន កុសល្យ ឲ្យចូលកាន់តំណែង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាផ្លូវការ។

ខណៈរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន កុសល្យ និងលោកជំទាវ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រួមទាំងថ្នាក់ដឹកនាំខេត្ត អញ្ជើញអុជធូប បួងសួងដល់ទេវតា ម្ចាស់ទឹកម្ចាស់ដី និងវត្ថុស័ក្តសិទ្ធទាំងឡាយទាំងពួង តាមឃុំគ្រង ថែរក្សា មន្ត្រីរាជការ និងពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ឲ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន។

ហើយក៏បានបន្តនិមន្តព្រះសង្ឃសូត្រមន្ត ប្រោះព្រំសិរីសួស្តី ជ័យមង្គល ក្នុងគេហដ្ឋានដែលរដ្ឋបាលខេត្តត្បូងឃ្មុំសាងសង់សម្រាប់ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តត្បូងឃ្មុំ ស្នាក់នៅក្នុងអំឡុងពេលបំពេញការងារក្នុងអាណត្តិ នៅបរិវេណសាលាខេត្តត្បូងឃ្មុំផងដែរ។

សូមជម្រាបថា: តាមរយៈព្រះរាជក្រឹត្យព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំង ឯកឧត្តម ប៉ែន កុសល្យ អតីតអភិបាលខេត្តឧត្តរមានជ័យ មកជាអភិបាលខេត្តត្បូងឃ្មុំ ដែលត្រូវប្រកាសចូលកាន់តំណែង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ខណៈឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អតីតអភិបាលខេត្តត្បូងឃ្មុំ បានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តកំពង់ស្ពឺ រួចរាល់ផងដែរ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ៕