Social Network

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំស្ដីពី "ការផ្សព្វផ្សាយដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត" សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

(ត្បូងឃ្មុំ) ៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពី "ការផ្សព្វផ្សាយដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត" សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដោយបានធ្វើឡើងនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ (ក្នុងបរិវេណសាលាស្រុកពញ្ញាក្រែក)។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ លោក គឹម សុខនី អនុប្រធានលេខាធិកាដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ លោក លោកស្រី តំណាងកងកម្លាំងប្រដាប់អាវុធទាំង បី ប្រភេទ លោកអភិបាល-អភិបាលរង ក្រុង-ស្រុក ទាំង៧ មន្ត្រី គខប/លខប តំណាងអង្គការ និងសមាគមន៍ មន្ទីរជំនាញជុំវិញខេត្ត តំណាងគណបក្សនយោបាយ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

មានមតិស្វាគមន៍ លោក គឹម សុខនី អនុប្រធានលេខាធិកាដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានធ្វើរបាយការណ៍ ផ្សព្វផ្សាយស្ដីពី លទ្ធផលនៃការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ និងផ្សព្វផ្សាយសេចក្ដីជូនដំណឹងលេខ ០៥៩ គ.ជ.ប.ស.ជ.ណ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ស្ដីពីការដាក់ ការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៤។

សាធារណជន និងភាគីពាក់ព័ន្ធនានា អាចទាញយកនូវប្រតិទិនការងារនេះចេញពីគេហទំព័ររបស់ គ.ជ.ប ឬអាច យកពីបណ្តាញទំនាក់ទំនងសង្គមរបស់ គ.ជ.ប ផងដែរ។

តមក លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានធ្វើបទបង្ហាញស្ដីពី ការផ្សព្វផ្សាយប្រតិទិន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ និងបានផ្សព្វផ្សាយសេចក្ដីសម្រេចលេខ ០៥៥ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ និងផ្សព្វផ្សាយប្រតិទិន នៃការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ ជូនអង្គប្រជុំជ្រាប។

លោកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានលើកឡើងថា ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធានាឲ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។

បន្ថែមលើនេះ លោក ហ៊ាង សុផល បានគូសបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោតរៀងរាល់ឆ្នាំ គឺដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព ដោយត្រូវបំពេញបែបបទតាមលក្ខខណ្ឌកំណត់ដោយ គ.ជ.ប។

ទន្ទឹមនោះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាព លើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ ត្រូវចាប់ផ្តើម ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ គឺមានរយៈពេល ១៦ថ្ងៃ ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត បានមានប្រសាសន៍ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ជាសេនាធិកា បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នេះឡើង ក្នុងគោលបំណងប្រកាសអំពីការចាប់ផ្តើមបើកដំណើរការនៃ “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៤” ។

អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែល គ.ជ.ប បានរៀបចំ និងកសាងផែនការមេ និងបានដាក់ចេញនូវប្រតិទិនការងារ ដែលត្រូវបំពេញតាមដំណាក់កាលនីមួយៗ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយប្រតិទិនការងារខាងលើនេះ ត្រូវបានធ្វើការផ្សព្វផ្សាយជាសាធារណៈ។

ឯកឧត្តម ម៉ៅ ឌុង បានជំរុញដល់ភាគីពាក់ព័ន្ធ ចូលរួមអនុវត្តតាមការណែនាំ របស់ គ.ជ.ប ក្នុងការងារ រៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោត អចិន្រ្តៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត៕