Social Network

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ណែនាំដល់កងកម្លាំងទាំង៣ប្រភេទ ក្នុងស្រុកមេមត់ ត្រូវចាត់វិធានការលើក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ធ្វើយ៉ាងណាជាន់ឱ្យជាប់ និងហាមមិនឱ្យមានការអន្តរាគមន៍

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានធ្វើការណែនាំនិងបានដាក់បទបញ្ជាដល់កងកម្លាំងទាំង៣ប្រភេទ ធ្វើការចាត់វិធានការលើក្មេងទំនើង បង្ករអនាធិបតេយ្យ និងបង្រ្កាប់បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ធ្វើយ៉ាងណាជាន់ឱ្យជាប់ និងហាមដាច់មិនអោយមានអ្នកអន្តរាគមន៍ឡើយ។

ការថ្លែងបែបនេះ ក្នុងឱកាសដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកមេមត់ ។

ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាល/អភិបាលរងស្រុកមេមត់ មេឃុំ មេប៉ុស្តិ៍ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉ែន កុសល្យ បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់រដ្ឋបាលស្រុកមេមត់ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធិភាពបន្ថែមទៀត ជាពិសេសរក្សាបាននៅសាមគ្គីភាព រួបរួមគ្នា និងបំពេញនៅកិច្ចការងារភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរដើម្បីជួយឱ្យខេត្តត្បូងឃ្មុំ ទទួលបានភាពរីកចម្រើនជឿនលឿនទៅមុខជាបន្តទៀត។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ ចំពោះបញ្ហាក្មេងទំនើង គ្រឿងញៀន ជាពិសេសសារធាតុញៀនប្រភេទថ្មី ដែលផលិតពីរុក្ខជាតិម្យ៉ាងឈ្មោះថា ខាត(KHAT) ដែលក្រសួងសុខាភិបាលអះអាងថា ជារុក្ខជាតិ មានផ្ទុកនូវសារធាតុញៀនប្រភេទ Cathinone និង Cathine ដែលរាជរដ្ឋាភិបាល យើងហាមឃាត់ក្នុងការដាំនាំចេញ-នាំចូល និងប្រើប្រាស់ប្រសិនបើក្នុងភូមិ ឃុំ ស្រុករបស់យើង ពិនិត្យឃើញថាមានការដាំចែកចាយ និងប្រើប្រាស់ ត្រូវធ្វើការចាត់វិធានការភ្លាមៗដោយគ្មានការលើកលែងឡើយ។

ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងស្រុកមេមត់ទាំងអស់ រួមគ្នាគិត រួមគ្នាធ្វើ ដើម្បីភាពរីកចម្រើនរបស់រដ្ឋបាលស្រុកមេមត់ទាំងមូល។

ពិសេសក្រើនរំលឹកដល់អ្នកពាក់ព័ន្ធទាំងអស់ពីថ្នាក់ខេត្ត ដល់ភូមិ បន្តខិតខំជំរុញការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានឲ្យល្អប្រសើរ ការពារឲ្យមានសុខដុមរមនា ផ្លូវកាយ និងផ្លូវចិត្ត តម្កល់ទុកនូវផលប្រយោជន៍ប្រជាជនជាធំ។

គួរបញ្ជាក់ផងដែរថា៖ ពិធីសំណេះសំណាលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើតឱ្យមានភាពស្និតស្នាល និងយល់ពីគ្នាទៅវិញទៅមក ពីថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការតាមបណ្តាស្រុកនីមួយៗ ដោយធ្វើយ៉ាងណាបង្កលក្ខណៈល្អប្រសើរចំពោះកិច្ចការងារផ្សេងៗរបស់រដ្ឋបាលស្រុក និងរដ្ឋបាលខេត្តត្បូងឃ្មុំរបស់យើង៕