Social Network

ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោល អប់រំបរិស្ថាន ស្ដីពី "ភាពស្អាតនៅភូមិ ឃុំ សង្កាត់ ក្រុង ស្រុក តាមរយៈការគ្រប់គ្រងសំណល់ប្លាស្ទិក" នៅក្នុងក្របខ័ណ្ឌស្រុកអូររាំងឪ

(ត្បូងឃ្មុំ) ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក គង់ សៀកលី អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្ដុះបណ្ដាល គ្រូបង្គោល អប់រំបរិស្ថាន ស្ដីពី "ភាពស្អាតនៅភូមិ ឃុំ សង្កាត់ ក្រុង ស្រុក តាមរយៈការគ្រប់គ្រងសំណល់ប្លាស្ទិក" ដែលរៀបចំ និងគាំទ្រ ដោយក្រសួងបរិស្ថាន និងសមាគមធនាគារនៅកម្ពុជា ។

វគ្គបណ្តុះបណ្ដាលនេះ ប្រព្រឹត្តទៅនៅសាលប្រជុំ សាលាស្រុកអូររាំងឪ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូក្រសួង លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ មន្ទីរបរិស្ថានខេត្ត មន្ទីរជំនាញជុំវិញខេត្ត ការិយាល័យកសិកម្ម និងបរិស្ថាន មេឃុំ សមាជិកឃុំ ទាំង ៧ ក្នុងមូលដ្ឋានស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានមានមតិស្វាគមន៍ និងបានថ្លែងអំណរគុណ ចំពោះក្រសួងបរិស្ថាន ដែលបានជ្រើសរើសខេត្តត្បូងឃ្មុំ ដើម្បីបើកម្មវិធីវគ្គបណ្ដុះបណ្ដាលអប់រំបរិស្ថាន " ភាពស្អាតនៅភូមិ ឃុំ/សង្កាត់ ស្រុក/ក្រុង តាមរយៈការគ្រប់គ្រងសំណល់ប្លាស្ទិក " ក្នុងនោះ រដ្ឋបាលខេត្តត្បូងឃ្មុំ បាននឹងកំពុងអនុវត្តការងារយ៉ាងសកម្មលើការងារគោលនយោបាយ កិច្ចគាំពារសង្គម ការបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការងារអប់រំ វិស័យសាសនា និងសកម្មភាពសេដ្ឋកិច្ចសង្គម ឱ្យមានការអភិវឌ្ឍរីកចម្រើនជាជំហានៗគួរឱ្យកត់សម្គាល់។

ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការលើកកម្ពស់ចំណេះដឹង និងការចូលរួមក្នុងវិស័យបរិស្ថាន ក៏មានភាពសកម្មស៊ីជម្រៅ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ របស់អ្នកពាក់ព័ន្ធ ក្នុងនោះ មន្ទីរបរិស្ថាន ក៏ដូចជាមន្ទីរជំនាញ បានធ្វើការយ៉ាងរលូន លើការផ្សព្វផ្សាយចំណេះដឹង បរិស្ថាន តាមលទ្ធភាព និងគោលដៅរបស់ខ្លួន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុងឱកាសនោះ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ដើម្បីឆ្លើយតបចំពោះបញ្ហាខាងលើ និងដោយអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី បានរៀបចំយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ដែលក្នុងនោះ «ការងារផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានបរិស្ថាន» ជាយុទ្ធសាស្រ្តស្នូល ដើម្បីសម្រចឱ្យបាននូវ «ភាពស្អាត ភាពបៃតង និងចីរភាព» ហើយអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ជាស្ថាប័នតែមួយគត់ ដែលមានតួនាទីផ្សព្វផ្សាយ ព្រមទាំងធ្វើការបញ្រ្ជាបចំណេះដឹង និងជំនាញបរិស្ថាន ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេស សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី ធ្វើយ៉ាងណា ឱ្យពួកគាត់បានយល់ដឹង ផ្លាស់ប្តូរផ្នត់គំនិត និងចូលរួមប្រតិបត្តិមេត្រីបរិស្ថាន។

លោកជំទាវ បានបន្តទៀតថា ក្រសួងបរិស្ថាន ទទួលបានការគាំទ្រជាខ្លាំង លើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ហើយពេលថ្មីៗនេះ ក្រសួងបរិស្ថាន បានរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ ដោយមានកូនឈើ ចំនួន ១លាន ៣សែនដើម ត្រូវបានចែកជូនប្រជាជនខ្មែរ ដោយមិនគិតថ្លៃ ដើម្បីយកទៅដាំនៅតាម ទីសាធារណៈ សាលារៀន វត្តអារាម និងសហគមន៍ ក្នុងគោលបំណងបង្កើនភាពបៃតងនៅក្នុងប្រទេសកម្ពុជា៕