Social Network

ខ្មាន់កាំភ្លើងវ័យ ២៦ឆ្នាំ ដែលបាញ់ស្លាប់មនុស្ស ២៦នាក់ នៅរដ្ឋតិចសាស់ គឺជាអតីតមន្ត្រីទ័ពអាកាស និងធ្លាប់ជាប់ពន្ធនាគារ ១ឆ្នាំ!

(អាមេរិក)៖ ខ្មាន់កាំភ្លើង ដែលបានបើកការបាញ់ប្រហារ បង្កឲ្យមនុស្សស្លាប់ ២៦នាក់ និង ២០នាក់រងរបួសនោះ នៅឯព្រះវិហារសាសនា គ្រិស្តមានឈ្មោះថា First Baptist ក្នុងសហគមន៍ Sutherland Springs នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិកនោះ ធ្លាប់បានបម្រើការ នៅក្នុងជួរកងទ័ពអាកាស ហើយត្រូវបានបញ្ឈប់ ពីការងារវិញដោយសារ តែមានសីលធម៌មិនល្អ ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ជនដៃដល់ខាងលើត្រូវ គេរាយការណ៍ថា មានឈ្មោះ Devin Patrick Kelley វ័យ ២៦ឆ្នាំ ហើយក្រោយពេលកើតហេតុ ជនរូបនេះត្រូវ បានគេរកឃើញថា ស្លាប់បន្ទាប់ពីមានការ បើករថយន្តប្រដេញពីសំណាក់ កងកម្លាំងប៉ូលិស អស់មួយរយៈពេលខ្លី ។ យោងតាមអ្នកនាំពាក្យ កងទ័ពអាកាសអាមេរិក កាលពីឆ្នាំ២០១២ លោក Kelly ត្រូវបានតុលាការយោធា កាត់ទោសពីបទ ប្រព្រឹត្តអំពើហិង្សាទៅលើប្រពន្ធ និងកូនរបស់លោក ។ ក្រោយមកនៅឆ្នាំ២០១៤ អតីតមន្រ្តីយោធារូបនេះ ត្រូវបានបញ្ឈប់ពីការងារ និងត្រូវបានឃុំខ្លួន អស់រយៈពេល ១២ខែ ហើយត្រូវបានទម្លាក់ តំណែងថែមទៀតផង ។

គួរបញ្ជាក់ថា ទង្វើដ៏ព្រៃផ្សៃរបស់បុគ្គល Kelly ដែលបានបាញ់រះ ទៅលើហ្វូងមនុស្ស ដែលស្ថិតនៅក្នុងព្រះវិហារ First Baptist នៃរដ្ឋតិចសាស់ បានផ្តាច់ជីវិតមនុស្ស ២៦នាក់ និងបណ្តាលឲ្យរបួស ២០នាក់ផ្សេងទៀត។ ម៉្យាងវិញទៀត បើតាមអាជ្ញាធរអាមេរិក អាវុធដែលជនដៃដល់រូបនេះ បានប្រើប្រាស់ដើម្បីធ្វើសកម្មភាព គឺប្រភេទកាំភ្លើងពាក់ កណ្តាលស្វ័យប្រវត្តិធុន AR-15 ជាប្រភេទកាំភ្លើងរះដូចគ្នា ដែលត្រូវបានប្រើប្រាស់ ក្នុងករណីបាញ់ប្រហារ យ៉ាងសាហាវៗជាច្រើន នៅសហរដ្ឋអាមេរិក រួមមានករណីនៅទីក្រុង Las Vegas, នៅសាលាបឋមសិក្សា Sandy Hook និងនៅក្លឹបកម្សាន្តរាត្រីនៃទីក្រុង Orlando ជាដើម៕

ដកស្រង់ពី ៖ FreshNews