Social Network

អភិបាលរងខេត្តត្បូងឃ្មុំ លើកឡើងថា រៀនច្រើន ចម្រើនជាតិ អោយតែផ្តល់តម្លៃលើការសិក្សា ទោះបីសិស្ស និស្សិត រឺក៍ព្រះសង្ឃ សុទ្ធតែចូលរួមអភិវឌ្ឍន៍សង្គមជាតិ

អភិបាលរងខេត្តត្បូងឃ្មុំ លើកឡើងថា រៀនច្រើន ចម្រើនជាតិ អោយតែផ្តល់តម្លៃលើការសិក្សា ទោះបីសិស្ស និស្សិត រឺក៍ព្រះសង្ឃ សុទ្ធតែចូលរួមអភិវឌ្ឍន៍សង្គមជាតិ!!!

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ ក្នុងឳកាសលោកអញ្ជើញ កាត់បើកវិញ្ញាសារប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ ដែលរៀបចំឡើងដោយមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ ជាមួយសាលាគណខេត្ត នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ នៅសាលាបឋមសិក្សា ស ខេង ខ្នារ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តមបណ្ឌិត អភិបាលរងខេត្ត បានថ្លែងបញ្ជាក់ថា រៀនច្រើន ចម្រើនជាតិ ពិតជាត្រឹមត្រូវណាស់ សុភាសិតមួយនេះ សូម្បីតែព្រះសង្ឃ ក៍មានឳកាសចូលរួមអភិវឌ្ឍន៍សង្គមជាតិយើងផងដែរ ពីព្រោះព្រះសង្ឃគ្រប់អង្គ គឺជាពលរដ្ឋកម្ពុជាម្នាក់ មានសិទ្ធស្មើគ្នា អោយតែមានការផ្តល់តម្លៃសិក្សារៀនសូត្រ ជាពិសេសអាចក្លាយជាថ្នាក់ដឹកនាំក្នុងជួរគណៈសង្ឃ រឺក៍ជួររដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សង្ឃឹមថា បេក្ខសណមៈ/បេក្ខជនប្រឡងទាំងអស់ ខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណ ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឲ្យទទួលបាននូវជោគជ័យ ដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិ ដែលសុទ្ធសឹងជាគ្រាប់ពូជធនធានដ៏មានតម្លៃសម្រាប់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូល ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ ក៏បានផ្តាំផ្ញើដល់បេក្ខសមណៈ និងបេក្ខជនប្រឡងទាំងអស់ ត្រូវអនុវត្តតាមទៅបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ មិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស់វិញ្ញាសារ និងឧបករណ៍អេឡិចត្រូនិចមិនត្រូវយកចូល ក្នុងបន្ទប់ប្រឡងបានឡើយ។ ជាពិសេសសូមអោយ មេប្រយោគប្រឡង មេត្ដាយកចិត្តទុកដាក់ ផ្តល់នូវភាពសុក្រិតចំពោះការប្រឡង និងសូមជូនពរ អោយដំណើរការប្រឡង ប្រព្រឹត្តិទៅដោយរលូន និងទទួលបាននូវជោគជ័យគ្រប់ៗគ្នា។

បើតាម លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តត្បូងឃ្មុំ បានអោយដឹងថា ក្នុងខេត្តត្បូងឃ្មុំ មានពុទ្ធិកបីកម្រិត គឺ ពុទ្ធិកបឋមសិក្សា, ពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងពុទ្ធិកមធ្យមសិក្សាទុតិយភូមិ សរុបមាន១៤កន្លែង ហើយមានសមណសិស្សសរុបចំនួន ១,២៧៩ អង្គ/នាក់ ។ ដោយឡែកនៅថ្ងៃនេះ មានបេក្ខសមណៈ/បេក្ខជន ប្រឡងសរុបចំនួន ២៦២អង្គ/នាក់ ចែកចេញជា ១១បន្ទប់ ដោយក្នុង១បន្ទប់មាន ២៣ ទៅ២៤ អង្គ/នាក់។

ចំណែកឯមេប្រយោគ មាន៤៧អង្គ/នាក់ ។ ចំពោះការប្រឡងមានរយៈពេល ១ថ្ងៃពេញ ចែកចេញជា៤វិញ្ញាសារប្រឡង ដោយពេលព្រឹក ប្រឡង២វិញ្ញាសារ មានភាសាបាលី រយៈ២ម៉ោង និងសរសេរតាមអាន រយៈពេល២ម៉ោង ចំណែកឯពេលល្ងាច មាន២វិញ្ញាសារ គឺវិញ្ញាសារវិន័យ រយៈពេល២ម៉ោង និងគណិតវិទ្យា រយៈពេល២ម៉ោង ៕ ដោយ៖ វ៉ាន់ វីរៈ