Social Network

ក្រោយឃាតកម្មមួយថ្ងៃ ពេលនេះ​ឃាតករត្រូវបាន​វែកមុខ​

ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ដែលជាប់ចោទពីបទមនុស្សឃាតដោយចេតនា ត្រូវបានសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ចាប់ឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់នៅថ្ងៃទី២៧ ឧសភា ២០១៩នេះ ។

លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់បានអោយដឹងថា កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៦ ឧសភា ២០១៩ នៅចំណុចលើផ្លូវលំជាប់ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីមនុស្ស ឃាតមួយកើតឡើងបង្កដោយជនសង្ស័យចំនួន៣នាក់ ក្នុងនោះត្រូវបានគេស្គាល់ថា ១-ឈ្មោះ អឿន ធា ហៅអាលូន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ២-ឈ្មោះ វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងតភ្លើង មានទីលំនៅភូមិច្រកឬស្សី ឃុំច្រកឬស្សី ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ និង៣-ឈ្មោះ វី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមប្រភពដដែលបានបន្តថា ជនសង្ស័យទាំង៣នាក់ខាងលើបាននាំគ្នាយកដំបងទៅវាយលើជនរងគ្រោះឈ្មោះ ញ៉ែត រតនៈ ហៅណាក់ ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករររោងចក្រ មានទីលំនៅក្រុមទី៣ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលអោយស្លាប់នៅនិងកន្លែង។

មូលហេតុបណ្តាលមកពីទំនាស់ពាក្យសំដីគ្នា។បន្ទាប់ពីធ្វើសកម្មភាពមិនបានប៉ុន្មាន ក៏ត្រូវសមត្ថកិច្ចនគរបាលអធិការដ្ឋាននគរបាលស្រុកបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់គឺឈ្មោះ អឿន ធា ហៅអាលូន រីឯជនសង្ស័យ២នាក់ទៀតរត់គេចខ្លួនបាត់ ។បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ និងបន្តតាមប្រមាញ់ជនដៃដល់ទាំងពីរនាក់ជាបន្តទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព