Social Network

អ្នកភូមិសង្ស័យក៏ប្តឹង ពេលឃើញបុរស​ម្នាក់​សម្ងំធ្វើបែបនេះក្រោយសាលាជម្ពូវ័ន​

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដា ភីស៊ីអិច បានសម្រេច ប៉ុន្តែជិះមិនកើតក៏បណ្តើរតាមផ្លូវតាំងពីក្នុងភូមិសាស្ត្រសង្កាត់សំរោងក្រោមរហូតដល់ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ខណៈនោះជនសង្ស័យបានសម្ងំដោះដូរគ្រឿងម៉ូតូមួយចំនួន ហើយត្រូវបានអ្នកភូមិប្រទះឃើញមានការសង្ស័យ ព្រោះតាំងពីស្គាល់ជនសង្ស័យមក មិនដែលឃើញមានម៉ូតូជិះនឹងគេម្ដងណាទេ គឺឃើញតែដើរសុីឈ្នួលលីសែងប៉ុណ្ណោះ ។

លុះឃើញជនសង្ស័យសម្ងំដោះដូរគ្រឿងម៉ូតូបែបនេះ ទើបអ្នកភូមិផ្ដល់ព័ត៌មានជូនកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ៣ឲ្យចុះមកអន្តរាគមន៍ឃាត់ខ្លួនយកទៅសួរនាំ ប៉ុន្តែភ្លាមៗនោះគ្រាន់តែឃើញនគរបាលទៅដល់ ស្រាប់តែជនសង្ស័យម្នាក់នេះព្យាយាម រត់គេចខ្លួន ចូលទៅវាលស្រែតែរត់មិនរួច ក៏ត្រូវកម្លាំងនគរបាលដេញតាមចាប់ខ្លួនបាន។

ហេតុការណ៍ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើនោះឈ្មោះសុខ ណាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករលេីកក្រដាសកាតុង ស្នាក់នៅមិនពិតប្រាកដ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាងហុងដា ភីស៊ីអុិច (PCX) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FK-២៤១៦ ។

ក្រោយពេលសមត្ថកិច្ចចាប់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ៣ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងខាងលើនោះមែន ដោយខ្លួនឃើញម៉ូតូមួយគ្រឿងខាងលើនេះត្រូវម្ចាស់ទុកចោលនៅជិតផ្លូវរថភ្លើងមួយកន្លែង ស្ថិតនៅតាមវិថីឈ្នះឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែជ័យ កាលពីព្រឹកថ្ងៃដដែល ។

បន្ទាប់មកដោយសារម៉ូតូនេះមិនអាចជិះកើត ទើបខ្លួនបណ្តើរម៉ូតូនេះរហូតមកដល់ភូមិសាស្ត្រសង្កាត់ចោមចៅ៣ និងបានអូសម៉ូតូចូលតាមសាលាបឋមសិក្សាជម្ពូវ័នទៅដល់វាលស្រែខាងក្រោយសាលាក៏ត្រូវនគរបាលដេញតាមចាប់ខ្លួនបានតែម្ដង។

តាមប្រភពពីអ្នកភូមិបាននិយាយថា ពួកគាត់ធ្លាប់ស្គាល់ជនសង្ស័យម្នាក់នេះគឺជាកម្មករលីសែង ហើយមិនដែលឃើញមានម៉ូតូជិះនឹងគេម្ដងណាទេ គឺឃើញតែដើរប៉ុណ្ណោះ ។ ដោយឡែកនៅមុនពេលកើតហេតុស្រាប់តែឃើញជនសង្ស័យខាងលើនោះបណ្តើរម៉ូតូមួយគ្រឿងចូលទៅក្នុងសាលាបឋមសិក្សាជម្ពូវ័ន សម្ងំដោះដូរគ្រឿង ។

ពេលនោះដោយមានការសង្ស័យ ទើបពួកគាត់ក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍ឲ្យចុះទៅសួរនាំ ប៉ុន្តែគ្រាន់តែឃើញកម្លាំងចុះទៅដល់ភ្លាម ស្រាប់តែជនសង្ស័យម្នាក់រត់គេចខ្លួនទៅវាលស្រែ ហើយក៏ត្រូវបានកម្លាំងនគរបាល រួមជាមួយប្រជាការពារភូមិដេញតាមចាប់បានភ្លាមៗ រួចនាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព