Social Network

ម្នាក់​ធ្វើ​ជា​ឈរ​នោម ម្នាក់​ទៀត​លូន​មក​ជិត​…​ម្ចាស់​ស្រែក​ផ្អើល​ឆោឡោ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រោមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចនាំយកទៅសួរនាំ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងដែលម្ចាស់គេចតទុកនៅខាងមុខផ្ទះមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ត្រង់ខាងមុខផ្ទះលក់ចាប់ហួយមួយកន្លែង ក្បែរច្រកចូលហ្គ្រេនភ្នំពេញ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់ខាងលើនេះ ក្នុងនោះម្នាក់ឈ្មោះ ឡុង រ័ត្ន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ វ៉ាន រ័ត្ននៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ។

ជនសង្ស័យទាំង២នាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៏ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១V-៣២៥៦ ។ ចំណែកម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងខាងលើឈ្មោះ វ៉ាន់ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ តាមសម្តីពីម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងថា ជារៀងរាល់យប់គាត់តែងតែដេកយាមនៅខាងមុខផ្ទះរបស់គាត់ដែលជាផ្ទះកើតហេតុ និងតែងតែចតម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងរបស់គាត់ទុកនៅខាងមុខផ្ទះជាប់នឹងកន្លែងគាត់ដេក ដោយមិនបានដកកូនសោចេញពីម៉ូតូសណ្តោងរ៉ឺម៉កនោះទេ។ កន្លងមក ក៏ធ្លាប់មានជនសង្ស័យមកបំរុងលួចម៉ូតូសណ្តោងរ៉ឺម៉ករបស់គាត់ដែរ តែមិនបានសម្រេចត្រូវគាត់តាមទាន់ ក៏រត់គេចខ្លួនបាត់ស្រមោលអស់។តាមប្រភពដដែលបានបន្តថា រហូតដល់យប់ថ្ងៃកើតហេតុ គាត់ក៏ចតម៉ូតូសណ្តោងរ៉ឺម៉ករបស់គាត់ទុកនៅខាងមុខផ្ទះ និងបានដេកយាមនៅជាប់នោះដូចសព្វដង។

លុះដល់វេលាកើតហេតុ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យខាងលើបានជិះម៉ូតូមួយគ្រឿងមកឈប់ក្បែរផ្ទះរបស់គាត់។ បន្ទាប់មកជនសង្ស័យម្នាក់បានចុះពីលើម៉ូតូធ្វើជាឈរនោម និងជនសង្ស័យម្នាក់ទៀតឈ្មោះ វ៉ាន រ័ត្ននៈ បានលូនមកជិតម៉ូតូសណ្តោងរ៉ឺម៉ករបស់គាត់ បំរុងធ្វើសកម្មភាពលួចយកទៅដែរ តែខណៈពេលនោះគាត់ក៏ស្រែកឆោឡោធ្វើឲ្យក្រុមជនសង្ស័យទាំងពីរនាក់នោះភ័យស្លន់ស្លោបាននាំគ្នារត់ឡើងជិះម៉ូតូបំរុងគេចខ្លួន។

តាមប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះក៏មានប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុបានភ្ញាក់ផ្អើលនាំគ្នាចេញមកជួយធ្វើការចាប់ប្រគល់ក្រុមជនសង្ស័យខាងលើ និងបានស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងបណ្តាលឲ្យទ្រោមខ្លួន។ រួចក៏ប្រគល់ជនសង្ស័យទាំងពីរនាក់ខាងលើជូនសមត្ថកិច្ចមូលដ្ឋានយកទៅសាកសួរតែម្តង។ក្រោយពេលកើត ជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរះទី២ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវរង់ចាំចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព