Social Network

ក្នុង​មួយ​ថ្ងៃ​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​២១​នាក់

រាជធានីភ្នំពេញ ៖ ជនសង្ស័យពាក់ព័ន្ធករណីលួច, ឆក់, រក្សាទុក និងប្រើប្រាស់គ្រឿងញៀនសរុបចំនួន២១នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

តាមប្រភពពីនគរបាលខណ្ឌសែនសុខបានអោយដឹងថា ជារៀងរាល់ថ្ងៃដែលសមត្ថកិច្ចខណ្ឌសែនសុខបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ហើយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់រាល់ថ្ងៃ ជាពិសេសជនសង្ស័យប្រើប្រាស់គ្រឿងញៀន ។

តាមប្រភពពីនគរបាលបានបន្តថា នៅព្រឹកថ្ងៃទី១៦ ខែតុលា ជនសង្ស័យសរុបចំនួន២១នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេល៣ថ្ងៃ ហើយ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមច្បាប់នាពេលនេះ។

តាមប្រភពពីនគរបាលបានបន្តទៀតថា ជនសង្ស័យទាំង២១នាក់ មាន១២ករណីផ្សេងគ្នា ក្នុងនោះលួចចំនួន២ករណី ឃាត់ខ្លួន៣នាក់, ឆក់១ករណីឃាត់ខ្លួន៣នាក់, រក្សាទុកគ្រឿងញៀន១ករណីឃាត់ខ្លួន២នាក់ និងប្រើប្រាស់គ្រឿងញៀន៨ករណីឃាត់ខ្លួន១៣នាក់សរុបទាំងអស់២១នាក់។

គួរបញ្ជាក់ថា ចាប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១៦ ខែតុលានេះ នគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ចំនួន១៧២នាក់ មាន៨៥ករណី នេះបើតាមការអោយដឹងពីនគរបាលខណ្ឌសែនសុខ ។

ជនសង្ស័យទាំងនោះភាគច្រើនជាអ្នកប្រើប្រាស់គ្រឿង ដែលត្រូវបាននគរបាលមូលដ្ឋានជិះល្បាតមានការសង្ស័យហៅឃាត់យកទៅត្រួតពិនិត្យទឹកនោម មានសារធាតុញៀនរួចចាប់បញ្ជូន ត្រូវតុលាការបានចេញដីកាឃុំខ្លួន ៕

ដកស្រង់ពី៖កោះសន្តិភាព