Social Network

ជង់មិនភ្លេចកុក! ​ខំរត់​ដល់កំពង់សោម​អស់​ជាង​កន្លះខែ នៅតែគេចមិនផុត

រាជធានីភ្នំពេញ ៖ បុរសជាជាងដែកម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូអ្នកជិតខាងយកទៅលក់ រួចគេចខ្លួនបានប្រមាណជាងកន្លះខែ ហើយវិលត្រឡប់មកផ្ទះវិញនោះ។

ករណីឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចផ្ទះជួល ក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ព្រមទាំងដកហូតបានម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BT-០៥៣៥ ។ជនសង្ស័យដែលត្រូវឃាត់ខ្លួនខាងលើឈ្មោះ យ៉ោន រឿន ហៅម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជាជាងដែក ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។

ចំណែកម៉ូតូមួយគ្រឿងដែលជនសង្ស័យលួចយកទៅបាត់នោះម៉ាកហុងដា ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ ១FO-៤៥៦៤ ជាកម្មសិទ្ធិរបស់ឈ្មោះង៉ាំ មួយ ភេទប្រុស អាយុ៣១ឆ្នាំ ជាកម្មករសំណង់ស្នាក់នៅក្បែរគ្នា។តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូអ្នករស់ក្បែរគ្នាបានសម្រេច រួចក៍យកម៉ូតូនោះទៅលក់នៅកោះពេជ្រ បានប្រមាណជាង៤០០ដុល្លារ ។

បន្ទាប់ពីលក់បានលុយហើយ ជនសង្ស័យក៏គេចខ្លួនមួយរយៈពេល ហើយនៅពេលថ្មីនេះក៍បានត្រឡប់មកផ្ទះវិញ ក៏ត្រូវម្ចាស់ប្តឹងនគបាលអោយជួយអន្តរាគមន៍ឃាត់ខ្លួនតែម្តង។តាមប្រភពពីនគរបាលអោយដឹងថា ដោយមានការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ទើបឈានទៅកំណត់មុខសញ្ញាជនសង្ស័យគឺជាអ្នករស់នៅក្បែរខាង។

ក្រោយការឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា បន្ទាប់ពីលួចម៉ូតូបានសម្រេចហើយ ខ្លួនក៏បានយកម៉ូតូនោះទៅលក់បានលុយ ហើយក៏គេចខ្លួនទៅធ្វើជាជាងដែកនៅខេត្តព្រះសីហនុ លុះពេលត្រឡប់មកវិញបានប្រមាណ១សប្តាហ៍ នៅពេលកំពុងតែដេក ស្រាប់តែត្រូវនគរបាលចុះទៅឃាត់ខ្លួនបានតែម្តង ៕

ដកស្រង់ពី៖កោះសន្តិភាព