Social Network

អាណិត​នា​រី​រោងចក្រ​កម្សត់ម្នាក់​នេះ​ណាស់​ចាញ់ល្បិច​ទម្លាក់យោង​អស់​ជិត​1000$

រាជធានីភ្នំពេញ ៖ ក្រោយពីមានសកម្មភាពទម្លាក់យោងកើតឡើងជាបន្តបន្ទាប់ពីសំណាក់ក្រុមចោរដែលប្រើល្បិចយកគ្រឿងអលង្ការកាឡៃ ឬគ្រាប់កង់ទៅដូរយកគ្រឿងអលង្ការមាស និងប្លាទីនពីកម្មការិនីរោងចក្រនោះ ត្រូវបានប្រជាពលរដ្ឋដែលបានដឹងពីហេតុការណ៍នេះបានសម្ដែងការក្ដៅក្រហាយយ៉ាងខ្លាំង ។

ពួកគាត់ស្នើរសុំឲ្យនគរបាលកុំព្រងើយកន្តើយឲ្យសោះត្រូវតែធ្វើការស្រាវជ្រាវរកចាប់ខ្លួនក្រុមចោរទម្លាក់យោងនោះឲ្យបានដើម្បីយកមកចាត់ការតាមច្បាប់ ។ជាក់ស្តែងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះសកម្មភាពនេះហាក់កម្រើកយ៉ាងខ្លាំងនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយអ្នករងគ្រោះមិនទទួលបានយុត្តិធម៌សោះព្រោះតែក្រុមចោរបានគេចខ្លួនដោយសុវត្ថិភាព ។

ហេតុការណ៍ទម្លាក់យោងថ្មីមួយទៀតបានកើតឡើងកាលពីវេលាម៉ោងម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅជិតចេតិយ៍ ស្ថិតនៅក្នុងបរិវេណវត្តត្រពាំងឈូក ក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បង្កឡើងដោយជនសង្ស័យចំនួន៤នាក់ក្នុងនោះប្រុស២នាក់ និងស្រី២នាក់ព្រមទាំងជិះម៉ូតូ២គ្រឿងបានប្រើល្បិចបោកនាងកម្មការិនីម្នាក់ដោះយកគ្រឿងអលង្ការមាស និងប្លាទីនព្រមទាំងលុយ និងទូរស័ព្ទអស់ពីខ្លួនដែលសរុបជិត១ពាន់ដុល្លារបន្ទាប់មកបាននាំគ្នាគេចខ្លួនបាត់ស្រមោលអស់ ។

ចំណែកនាងកម្មការិនីរូបនោះបានត្រឹមតែកាន់គ្រឿងអលង្ការកាឡៃ១កូនថង់ពណ៌ក្រហមទៅប្ដឹងនគរបាលប៉ុស្តិ៍ឲ្យជួយប៉ុណ្ណោះ ។នាងកម្មការិនីរងគ្រោះខាងលើនោះឈ្មោះ ផ.ន.ភ អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែង ។នាងបាននិយាយថា នៅមុនពេលកើតហេតុខណៈដែលនាងដើរចេញពីបន្ទប់ជួលឆ្ពោះទៅរោងចក្រកាតដេរនៅក្បែរនោះស្រាប់តែមានស្ត្រីម្នាក់ដើរទៅជិតរួចបានសួរនាងថា«មានគេជ្រុះបាត់មាស១ថង់តើនាងមានរើសបានទេ?» ខណៈនោះនាងឆ្លើយតបវិញថា«ខ្ញុំមិនដឹងទេ» ។

ពេលកំពុងតែនិយាយគ្នាស្រាប់តែមានស្ត្រីម្នាក់ទៀតដើរទៅជិតរួចបាននិយាយថា«កុំមាត់ខ្ញុំរើសបាន» បន្ទាប់មកបានស្រាយមាត់ថង់ឲ្យនាងមើលឃើញសុទ្ធតែគ្រឿងអលង្ការក្រហមច្រាសតែម្ដង ។

ប្រភពដដែលបានបន្តថា ស្ត្រីទី២នោះក៏បាននិយាយទៅកាន់រូបនាងថា«មិនអីទេចាំយើងយកទៅចែកគ្នា» រួចហើយក៏បានបបួលនាងឡើងជិះម៉ូតូទៅរកកន្លែងស្ងាត់ដើម្បីចែកគ្នា ដោយពេលនោះមានម៉ូតូកូរ៉េ១គ្រឿង និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿង ។

ជនសង្ស័យបានដឹកនាងចូកទៅក្នុងបរិវេណវត្តត្រពាំងឈូក ភូមិចែងម៉ែង សង្កាត់សំរោងក្រោម រួចហើយបានប្រគល់ថង់មាសពណ៌ក្រហមឲ្យទៅនាងប្រាប់ឲ្យនាងយកទាំងអស់ ហើយក្រុមជនសង្ស័យបានល្បួងសុំដោះយកគ្រឿងអលង្ការ លូកយកលុយ រួមជាមួយទូរស័ព្ទអស់ពីខ្លួននាង ។

បន្ទាប់មកបាននាំគ្នាចាកចេញទៅបាត់អស់ ចំណែកនាងក៏ដើរវិលត្រឡប់ទៅផ្សារត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣វិញ និងបានបង្ហាញថង់មាសឲ្យអ្នកជិតខាងមើលទើបដឹងថា កាឡៃ និងហើយដឹងថាចាញ់បោកចោរហើយក៏ទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសំរោងក្រោម ៕

ដកស្រង់ពី៖កោះសន្តិភាព