Social Network

ស៊យម៉្លេះ ទើបទិញមក​ថ្មីៗ មិនទាន់​បាន​អីផង​ អស់លក្ខណ៍ត្រឹមប៉ូលិស​

រាជធានីភ្នំពេញ ៖ បុរស២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ធ្វើការឃាត់ខ្លួន ខណៈល្បាតប្រទះឃើញគួរឲ្យមានការសង្ស័យ ហើយពេលចូលទៅធ្វើការត្រួតពិនិត្យឆែកឆេរ ស្រាប់តែរកឃើញមានថ្នាំញៀនចំនួន៤កញ្ចប់ លុះពេលសាកសួរអ្នកទាំង២នាក់នេះបានប្រាប់ថាទើបត្រឡប់មកពីទិញថ្នាំញៀនដើម្បីយកទៅប្រើប្រាស់រួមគ្នានៅផ្ទះ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅចំណុចដីវាលមួយកន្លែង មានទីតាំងស្ថិតក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសទាំង២នាក់ដែលត្រូវឃាត់ខ្លួនខាងលើ ក្នុងនោះម្នាក់ឈ្មោះ ចាន់ សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ រកឃើញមានថ្នាំញៀនជាប់ខ្លួនចំនួន៣កញ្ចប់ ចំណែកម្នាក់ទៀតឈ្មោះម៉ាត់ លីហួរ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅស្រុកកញ្ច្រៀច ខេត្តព្រៃវែងរកឃើញមានថ្នាំញៀនជាប់ខ្លួនចំនួន១កញ្ចប់។

តាមប្រភពពីនគរបាលបានឲ្យដឹងថា នៅមុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ ដឹកនាំដោយលោកនាយប៉ុស្តិ៍ ទូច ទី បានចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញបុរស២នាក់ខាងលើនេះ។ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចក៏បានចូលទៅសួរនាំ និងឆែកឆររកឃើញមានថ្នាំញៀនជាប់ខ្លួន ក៏បានចាប់ខ្លួន និងដកហូតថ្នាំញៀនរួចនាំយកទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្តង ។

ក្រោយពេលសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនទើបត្រឡប់មកពីទិញថ្នាំញៀនដើម្បយកទៅប្រើប្រាស់ ប៉ុន្តែប៉ះចំថ្ងៃស៊យបានជួបកម្លាំងនគរបាលល្បាតក៏ចាប់ខ្លួនបែបនេះតែម្តង ៕

ដកស្រង់ពី៖កោះសន្តិភាព