បន្ទាយមានជ័យ៖ អាជ្ញាធរ ក្រុងប៉ោយប៉ែត បានឱ្យដឹងថា រហូតមកដល់រសៀល ថ្ងៃសៅរ៍ទី១៦ ខែសីហា ឆ្នាំ២០១៤នេះ អាជ្ញាធរថៃ មិនព្រមដោះលែង កម្មករខ្មែរ ចំនួន១៦នាក់ ដែលត្រូវបាន ចាប់ខ្លួននោះទេ ព្រមទាំងសម្រេចបិទ ច្រកព្រំដែន ប៉ោយប៉ែតថែមទៀត។
ប្រភពដដែលនេះ បានអះអាងថា ខណៈពេលនេះ កម្មករ អាជីវករខ្មែរ បានលើកគ្នាតវ៉ា ជាថ្មី នៅម្តុំទីតាំងច្រកព្រំដែន ត្រង់ចំណុច ស្ពានមិត្តភាព កម្ពុជា-ថៃ ដើម្បីទាមទារឱ្យ អាជ្ញាធរថៃ ដោះលែងកម្មករខ្មែរ ទាំង១៦នាក់ បន្ទាប់ពីអាជ្ញាធរថៃ បានក្រឡះសម្តី មិនព្រមដោះលែង ពួកគេឡើងវិញ ។
សូមជំរាបថា រយៈ៣ថ្ងៃមកហើយ ដែលអាជ្ញាធរថៃ បានចាប់ផ្តើម រឹតបន្តឹង ទំនិញចេញចូល តាមច្រកអន្តរជាតិ ប៉ោយប៉ែត ក្នុងនោះទំនិញខ្មែរ ជាច្រើន ត្រូវឃាត់ទុក ដោយមិនបញ្ជាក់ ពីមូលហេតុ និងមិនបាន ផ្តល់ដំណឹងជាមុន ដល់ភាគីកម្ពុជា ធ្វើឱ្យអាជីវករខ្មែរ ជាច្រើន រួមទាំងកម្មករ អូសរទេះផង ផ្ទុះការតវ៉ា រហូតដល់យក រទេះដឹកទំនិញ បិទនៅម្តុំស្ពានមិត្តភាព កម្ពុជា-ថៃ។
ដោយឡែកព្រឹកមិញនេះ អាជ្ញាធរកម្ពុជា ដឹកនាំដោយ ដឹកនាំដោយ លោក ង៉ោ ម៉េងជ្រួន បានចុះសម្របសម្រួល ជាមួយភាគីថៃ ប៉ុន្តែមិនទទួលបាន លទ្ធផលនៅឡើយទេ ៕
ដកស្រង់ពី៖ ដើមអម្ពិល