Social Network

មិនដឹងខាងណា​​ត្រូវឬខុស រវាង​​ក្រុមកង់បី និង​បុរសម្នាក់ ផ្អើលសង្កាត់អូរឫស្សី២​

រាជធានីភ្នំពេញ ៖ យុវជន៣ទៅ៤នាក់ត្រូវបានគេប្រទះឃើញធ្វើសកម្មភាពវាយតប់គ្នា បណ្តាលឲ្យរងរបួសបែកក្បាលម្នាក់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនយុវជនចំនួន៣នាក់នាំទៅធ្វើការសាកសួរ ។

ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣៩នាទីយប់ថ្ងៃទី២៣ មេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៣៩ នៅចំណុចមុខឌឿងហែមផ្សារអូរឬស្សី ស្ថិតក្នុងសង្កាត់អូរឬស្សី២ ខណ្ឌ៧មករា ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌ៧មករាបានអោយដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតនៃអធិការរដ្ឋាននគរបាលខណ្ឌ៧មករាបានធ្វើការល្បាតមកដល់ត្រង់ចំណុចមុខផ្សារអូរឬស្សីក៏ប្រទះឃើញយុវជនចំនួន៣ទៅ៤នាក់ធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមក បង្កអោយមានការភ្ញាក់ផ្អើលនិងរងរបួសបែកក្បាលម្នាក់ ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរកន្លែងកើតហេតុ ចំណែកឯបក្ខពួកទាំងសងខាងចំនួន៣នាក់វិញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍អូរឬស្សី២ដើម្បីសួរនាំ ។

ក្រោយពីធ្វើការសួរនាំរួច ភាគីខាងយុវជនម្នាក់បាននិយាយថា មូលហេតុដែលពួកគេឈ្លោះគ្នាគឺមកពីយុវជន៣នាក់ដែលអង្គុយផឹកស៊ីនៅលើកង់បីសម្លឹងមើលមុខខ្លួន ខណៈពេលដែលខ្លួនកំពុងតែលើកអីវ៉ាន់ឡើងផ្ទះ ទើបបង្កឱ្យមានហិង្សាបែបនេះ ។

ចំណែកភាគីខាងយុវជន៣នាក់ដែលជាអ្នកអង្គុយផឹកស៊ីនៅលើម៉ូតូកង់បីបាននិយាយថា មិនដឹងថាពួកខ្លួនស្រវឹងមើលមុខគេយ៉ាងណានោះទេ ទើបបានជាយុវជនម្នាក់ខាងលើមកវាយបក្ខពួករបស់ខ្លួន គប់នឹងដុំថ្មរហូតបែកក្បាលម្នាក់ធ្វើឲ្យពួកខ្លួនបម្រុងនឹងវាយតដៃវិញ តែក៏ត្រូវសមត្ថកិច្ចមកដល់ឃាត់ខ្លួនតែម្តង ៕

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងត្រូវបានសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលអូរឬស្សី២ធ្វើការសម្របសម្រួលគ្នាដោយមិនចង់បានប្តឹងគ្នានោះឡើយ គ្រាន់តែធ្វើកិច្ចសន្យាដើម្បីបញ្ចប់រឿងរៀងៗខ្លួនតែម្តង៕

ដកស្រង់ពី៖កោះសន្តិភាព