Social Network

ពី​យប់​ក្របី​នៅ​គ្រប់​ចំនួន លុះ​ព្រឹក​ឡើង​មេ​ភូមិ​គ្រាន់តែ​បើកទ្វារ​​ក្រោល​ភ្លាម​ភ្ញាក់​តែ​ម្តង

ខេត្តកំពង់ធំ ៖ បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា មានការភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងភូមិ ខណៈចោរលួចដឹកក្របីអស់ចំនួន៣ក្បាលចេញពីក្រោល ផ្ទះរបស់មេភូមិ ដែលមិនដឹងថា ចោរនោះលួចពីពេលណានោះទេ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីព្រឹក នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សេចក្តីរាយការណ៍បន្តថា ម្ចាស់ក្របីខាងលើឈ្មោះ ណាំង ណឹម ភេទប្រុស អាយុ៦៥ឆ្នាំ មុខងារជាមេភូមិ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

បើតាមលោកមេភូមិដែលជាម្ចាស់ក្របីបានរៀបរាប់ប្រាប់ថា ជារៀងរាល់ថ្ងៃ ឲ្យតែម៉ោង៦ និង៣០ល្ងាចយ៉ាងយូរ រូបគាត់តែងតែបញ្ជូនក្របីដាក់ទៅក្នុងក្រោល ដែលខ្លះមានចងខ្សែ ខ្លះទៀតមិនបានចងនោះទេ ហើយក្រោលនោះ គឺនៅខាងក្រោយផ្ទះរបស់គាត់ ដែលមានក្របីសរុបទាំងអស់១៥ក្បាល ។

ជារៀងរាល់ថ្ងៃ ពេលព្រឹកឡើងរូបគាត់តែងតែបញ្ចេញក្របីពីក្រោល ដើម្បីឱ្យវាដើរស៊ីស្មៅជាតាមធម្មតា។លោកមេភូមិបន្តថា លុះដល់ព្រឹកឡើងថ្ងៃកើតហេតុនោះ រូបគាត់បានទៅបើកក្រោល ដើម្បីបញ្ចេញវាឲ្យដើរស៊ីស្មៅវិញ ស្រាប់តែបាត់ក្របីអស់៣ក្បាល ក្នុងនោះមានមេធំ២ក្បាល និងកូនតូច១ក្បាល ទើបគាត់មានការភ្ញាក់ដឹងប្រាកដជាចោរលួចមិនខាន ។

ពេលឃើញដូច្នេះគាត់ក៏បានទៅប្តឹងនគរបាលប៉ុស្តិ៍មូលដ្ឋាន ដើម្បីឲ្យជួយអន្តរាគមន៍ស្វែងរកមុខចោរ ទើបពេលនោះកម្លាំងជំនាញបានចុះទៅដល់ និងធ្វើកំណត់ហេតុទុកជាការស្រាវជ្រាវ ។

បើតាមសមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូងថា ករណីខាងលើនេះ ពិតជាអំពើចោរកម្ម ហើយបានជាមានការសន្និដ្ឋានបែបនេះ គឺដោយសារតែសមត្ថកិច្ចសំអាងទៅលើភស្តុតាង ជាស្នាមគន្លងជើងក្របី ដែលដេញចេញពីក្រោលទៅទិសខាងកើត រួចសង្ស័យថា ក្របីនោះទៅឡើងឡានចោរដែលនៅចាំដឹកត្រង់ចំណុចដីទូលខាងជើងផ្លូវជាតិលេខ៦ ចម្ងាយ៧០ម៉ែត្រ ពីផ្ទះជនរងគ្រោះ និងមានដានកង់រថយន្តចម្ងាយប្រហែល៧០០ម៉ែត្រពីកន្លែងកើតហេតុផងដែរ ។

ទោះបីជាយ៉ាងណាក្តី សមត្ថកិច្ចបាននិងកំពុងបន្តធ្វើការស្រាវជ្រាវ ដើម្បីវែកមុខជនសង្ស័យនាំមកផ្តន្ទទោសតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព