Social Network

កញ្ញា យាន សោភា និទ្ទេស A មកពីខេត្តព្រៃវែង ជាសិស្សពូកែ តាំងពីថ្នាក់ទី៤ មកម្ល៉េះ

ព្រៃវែង៖ សិស្សវិទ្យាល័យ ព្រះអង្គឌួង ខេត្តព្រៃវែង កញ្ញា យាន សោភា គឺជាជ័យលាភីម្នាក់ ក្នុងចំណោម ១១នាក់ ដែលទទួលបាននិទ្ទេស A ពីការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៤ ។ សម្រាប់ យុវសិស្សវ័យ ១៨ឆ្នាំរូបនេះ វាជាលទ្ធផល ដែលកើតចេញ ពីការប្រឹងប្រែងសិក្សា របស់នាងផ្ទាល់ អស់រយៈពេល ១២ឆ្នាំកន្លងមក។

ថ្លែងប្រាប់សារ ព័ត៌មានថ្មីៗ តាមទូរសព្ទនៅ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ នេះ កញ្ញា យាន សោភា បានកោតសរសើរ ពីបរិយាកាស ប្រឡងសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ កន្លងមក ដោយនាងវាយតម្លៃថា មានភាពរលូន និងផ្តល់ឱកាស ឲ្យបេក្ខជនបង្ហាញ សមត្ថភាព ពិតប្រាកដរបស់ខ្លួន។

សោភា ដែលមានឪពុក ជាគ្រូបង្រៀនថ្នាក់ បឋមសិក្សា និងម្តាយជាមេផ្ទះនោះ បានអះអាងថា ខ្លួនទទួល បានលទ្ធផលល្អ ក្នុងការ សិក្សាចាប់តាំងពី នាងរៀនថ្នាក់ ទី៤មកម្ល៉េះ ហើយនៅថ្នាក់ទី១២ មុនការប្រឡងបាក់ឌុប នាងតែងតែ ទទួលបានចំណាត់ថ្នាក់ លេខមួយប្រចាំខែ។

សិស្សស្រីឆ្នើម មកពីខេត្តព្រៃវែង រូបនេះ បានបញ្ជាក់ថា៖ «មិនថា ប្រឡងប្រចាំខែ ប្រចាំឆមាស ឬ ប្រឡងបាក់ឌុបឡើយ ខ្ញុំតែងតែ ខំសិក្សាជានិច្ច។ ខ្ញុំ មិនមានការត្រៀម អ្វីជាពិសេសនោះឡើយ។ បើយើងខិតខំ រៀនសូត្រ យើងច្បាស់ជា ទទួលបានលទ្ធផលល្អ មិនថា អ្នកភ្នំពេញ អ្នកខេត្តព្រៃវែង ឬអ្នករស់នៅ តាមជនបទនោះឡើយ»។