Social Network

ចិន​២​ក្រុម​បើក​ឆាកប្រយុទ្ធ​គ្នា​​ពេញ​ផ្លូវ​ក្នុង​សង្កាត់បឹងរាំង

រាជធានីភ្នំពេញ ៖ ជនជាតិចិន២ក្រុម ដោយមួយក្រុមមានគ្នា៦ទៅ៧នាក់អង្គុយផឹកស៊ី រីឯមួយក្រុមទៀតអង្គុយផឹកស៊ីតុទល់មុខគ្នាមានគ្នាជិត១០នាក់ ដោយភាគីម្ខាងមានគ្នា៦ទៅ៧នាក់ដើរទៅជល់កែវជាមួយភាគីម្ខាងទៀត ហើយគេមិនដឹងថាទំនាស់ពាក្យសម្តីគ្នារឿងអ្វីទេ ស្រាប់តែឈ្លោះប្រកែកគ្នាឡើងផ្អើលពេញផ្លូវ និងវាយត្រូវបុរសម្នាក់ជាជនជាតិចិន បណ្តាលអោយរងរបួសរយះដៃ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមេសាឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៥៤ នៅចំណុចមុខហាង ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

សាក្សីដែលឃើញហេតុការណ៍សូមមិនបញ្ចេញឈ្មោះបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញក្រុមជនជាតិចិន២ក្រុម គឺមួយក្រុមមានគ្នាជិត១០នាក់អង្គុយផឹកស៊ីនៅមុខហាងខាងលើ ចំណែកមួយក្រុមទៀតមានគ្នា៦ទៅ៧នាក់ក៏អង្គុយផឹកនៅមុខហាងដែរ គឺអង្គុយផឹកដាក់តុទល់មុខគ្នា ។

តាមប្រភពដដែលបានបន្តថា បន្ទាប់មកភាគីមួយក្រុមដែលមានគ្នា៦ទៅ៧នាក់បានដើរទៅជល់កែវគ្នាជាមួយភាគីម្ខាងទៀត ខណៈពេលជល់កែវនោះ គេមិនដឹងថាទាក់ពាក្យសំដីជាមួយនរណាម្នាក់ក្នុងតុផឹកស៊ីនោះទេ ទើបបានជាក្រុមម្ខាងដែលមានគ្នាជាង១០នាក់បានព្រួតវាយទៅលើជនជាតិចិនដែលមានគ្នា៦ទៅ៧នាក់ បណ្តាលអោយបាក់កៅអីអស់មួយ និងរងរបួសរយះដៃម្នាក់ ចំណែកភាគីបង្កបានរត់គេចខ្លួនបាត់ស្រមោល រីឯខាងជនរងគ្រោះក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសត្រូវបានមិត្តភក្តិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យដែលនៅក្បែរនឹងកន្លែងកើតហេតុតែម្តង ៕

ដកស្រង់ពី៖កោះសន្តិភាព