Social Network

ម៉ា​ឡេ​ស៊ី​ម្នាក់​ត្រូវ​​ជន​សង្ស័យ៤នាក់​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់​៦ពាន់ដុល្លារ​

ខេត្តសៀមរាប ៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ត្រូវជនសង្ស័យជាជនជាតិម៉ាឡេស៊ីចំនួន៣នាក់ និងបុរសខ្មែរម្នាក់ ចាប់បង្ខាំងទុកដោយខុសច្បាប់ ក្នុងគោលបំណងជំរិតទារប្រាក់ចំនួន៦០០០ដុល្លារ ត្រូវបានកម្លាំងការិយាល័យស៊ើបអង្គេតនិងអនុវត្តនីតិវិធីចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើយកទៅសាកសួរ ដើម្បីចាត់ការតាមច្បាប់។ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនោះបានធ្វើឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំនុចភូមិកំពង់ក្តី២ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។

ជនសង្ស័យទាំង៤នាក់ខាងលើនេះរួមមាន ១-ឈ្មោះTAN CHOUN CHEAT ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិម៉ាឡេស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរបុគ្គលិកក្រុមហ៊ុនចងការប្រាក់ ហ្វូឡុងវ័ង ២-ឈ្មោះLING WEIKIAN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិម៉ាឡេស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរបុគ្គលិកក្រុមហ៊ុនចងការប្រាក់ ហ្វូឡុងវ័ង ៣-ឈ្មោះTAN KAS CHIM ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិម៉ាឡេស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ បុគ្គលិកក្រុមហ៊ុនចងការប្រាក់ហ្វូឡុងវ័ង និង៤-ឈ្មោះអេល ពូសស្តាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែ ។

ជនសង្ស័យទាំង៤នាក់ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ NG TECK WEE ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិម៉ាឡេស៊ី ។លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលផែនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលបានលួចរត់ចេញពីក្នុងផ្ទះវីឡាជួលមួយកន្លែង ក្នុងសង្កាត់ស្វាយដង្គំ រួចមក ទើបលោកដាក់កម្លាំងជំនាញឱ្យចុះស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង៤នាក់ខាងលើ ក្នុងនោះមានជនជាតិខ្មែរម្នាក់ជាអ្នកបកប្រែ ហើយនាំយកមកធ្វើការសួរនាំនៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងសុំគោលការណ៍ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឱ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តការសាកសួរនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី។

លោកស្នងការរងបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ខាងលើដែលកម្លាំងជំនាញបញ្ជូនមកធ្វើការសាកសួរនៅការិយាល័យជំនាញពាក់ព័ន្ធនឹងករណីចាប់បង្ខាំងទុកដោយខុសច្បាប់ដែលបានប្រព្រឹត្តិកាលពីអំឡុងខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះវីឡាជួល ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ខាងលើនេះត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព