Social Network

ហ៊ាន​​មែន​! ព្រះសង្ឃ​ក៏​មិន​លើកលែង តែ​​ទីបំផុត​មក​ចប់​ត្រឹម​ប្រព័ន្ធ Find my

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោ ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចខេត្តតាកែវ ដើម្បីយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យបានលួចថង់យាម និងសម្ភារព្រះសង្ឃមួយអង្គ រួចរត់គេចមកភ្នំពេញបាន១ថ្ងៃ ហើយត្រូវជនរងគ្រោះពឹងមិត្តនៅភ្នំពេញឆែកតាមប្រព័ន្ធ Find my ក៏ត្រូវចាប់ខ្លួនតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ចំណុចមុខក្លឹបហាត់ប្រាណ មីងហួរ ផ្លូវបេតុងទួលពង្រ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើមានឈ្មោះ ហេង លាភ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ចំពោះសម្ភារៈដែលបាត់បង់មានលុយ១ម៉ឺនបាត, លុយដុល្លារ៣៥៥ដុល្លារ, លុយខ្មែរ២៤ម៉ឺនរៀល, ថង់យាម១, ឆាយា១ច្បាប់, ស្លាបព្រាបុរាណ១គូរ និងកាតធនាគារ១សន្លឹក ។ តាមសំដីបុរសម្នាក់ឈ្មោះ លឹម សានពិសិដ្ឋ អាយុ២៨ឆ្នាំ ជាកូនសិស្សលោក ហើយក៏ជាម្ចាស់របស់ដែរ បានឱ្យដឹងថា នៅយប់ថ្ងៃទី២៤ ខែឧសភានោះ រូបគាត់ជាកូនសិស្ស បានមកសម្រាននៅអាស្រម ភ្នំជីសូរ ក្នុងភូមិដកពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ជាមួយនិងព្រះសង្ឃមួយអង្គទៀតដែលជាជនរងគ្រោះដូចគ្នា ។

ប្រភពដដែលបន្តថា លុះភ្ញាក់ពីដំណេកវិញ ក៏ស្រាប់តែបាត់ថង់យាមរបស់ព្រះសង្ឃ និងកាបូបលុយរបស់គាត់ ដែលមានសំភារៈមួយចំនួន ដូចជាទូរស័ព្ទ និងលុយមួយចំនួន ព្រមទាំងឯកសារផ្សេងៗទៀត ។

ក្រោយពីដឹងថា របស់ត្រូវជនសង្ស័យលួចយកទៅបាត់ រូបលោកក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលរវៀង ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមកវិញ ។ប្រភពដដែលបន្តទៀតថា លុះដាក់ពាក្យបណ្ដឹងរួចហើយ រូបគាត់បានឱ្យមិត្តភក្តិនៅភ្នំពេញ ជួយឆែកតាមប្រព័ន្ធ Find my តាមទូរស័ព្ទដៃដែលត្រូវជនសង្ស័យលួចយកទជាមួយ ហើយពួកគាត់ក៏ជិះម៉ូតូតាមមកដល់ភ្នំពេញសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាល ដង្កោឱ្យជួយអន្តរាគមន៍ ក៏ឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ដែលកំពុងតែដើរតាមបណ្តោយផ្លូវបេតុង ក្នុងភូមិម័ល សង្កាត់ដង្កោ រួចក៏ឆែកឆេររកឃើញទូរស័ព្ទរបស់គាត់ ព្រមទាំងលុយមួយចំនួនទៀតផង ទើបឱ្យសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកថង់យាមរបស់ព្រះសង្ឃ១អង្គ និងកាបូបលុយរបស់កូនសិស្សលោក ពិតប្រាកដមែន ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួររួចហើយ ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោ ធ្វើលិខិតប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរវៀង ខេត្តតាកែវ ដើម្បីមកយក ជនសង្ស័យទៅសាកសួរ និងចាត់ការបន្តតាមនិតិវិធីច្បាប់ ព្រោះថា ករណីនេះ គឺកើតឡើងនៅទឹកដីខេត្តតាកែវ ៕

ដកស្រង់ពី៖កោះសន្តិភាព