Social Network

ចាប់​មេខ្យល់​ម្នាក់ បញ្ជូន​ទៅ​តុលាការ ករណី​នាំ​ពលក​ខ្មែរ​ឆ្លង​ដែន​ចូល​ថៃដោយ​ខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាមេខ្យល់ម្នាក់ ពាក់ព័ន្ធនាំពលកខ្មែរលួចឆ្លងដែនដោយខុសច្បាប់ទៅថៃ ត្រូវចាប់បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

លោកវរសេនីយ៍ឯក បេន សំអាត់ អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផន មុត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅ ភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាមេខ្យល់ ត្រូវបានកម្លាំងនគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ៨១៥ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៤ទាបភ្លឺថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ប្រគល់មកអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ពីបទលួចនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ចូលទៅទឹកដីប្រទេសថៃ ត្រង់ចំណុចភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

បើតាមលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងយេនឌ័រ បានឲ្យដឹងដែរថា តាមចម្លើយសារភាពរបស់ ជនសង្ស័យ ផន មុត បាន អោយដឹងថា ខ្លួននិងបក្សពួកចំនួន០៣នាក់ទៀត ពិតជាបាននាំមនុស្សឆ្លងដែនទៅកាន់ប្រទេសថៃ ពិតប្រាកដមែន ហើយមនុស្សដែលពួកខ្លួននាំឆ្លងដែនមានចំនួនប្រហែល១៥នាក់ ។ មនុស្សទាំង១៥នាក់នេះ គឺមានបុរសឈ្មោះ ជាង អាយុ៤២ឆ្នាំ នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ជាអ្នកឲ្យពួកគេនាំចូលទៅទឹកដីថៃ ដោយឲ្យប្រាក់កម្រៃ ក្នុងម្នាក់ ៣០០បាត (បីរយបាត) ។

លោកស្រីស្នងការរង បានបញ្ជាក់ថា តាមការបំភ្លឺរបស់ពលករទាំងនោះ ប្រាប់ថា ពួកគាត់ត្រូវបានគេនាំមកទម្លាក់នៅមាត់អូរព្រំដែនកម្ពុជា-ថៃ ដើម្បីចេញទៅប្រទេសថៃ ដោយគេយកម្នាក់ក្នុងតម្លៃ ៣,០០០បាត (បីពាន់បាតប្រាក់ថៃ) ទៅដល់កន្លែងធ្វើការ ។

ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ និងចម្លើយបំភ្លឺរបស់ពលកខ្មែរ ជនសង្ស័យឈ្មោះ ផន មុត ត្រូវបាននគរបាលជំនាញរៀបចំសណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

សូមជម្រាបដែរថា សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យសមត្ថកិច្ចនៅច្រកព្រំដែនទាំងអស់ធ្វើការទប់ស្កាត់ការលួចឆ្លងកាត់របស់ពលករខ្មែរចូលទឹកប្រទេសថៃព្រោះវាជាអំពើខុសច្បាប់ ហើយជាករណីជួញដូរមនុស្សផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព