Social Network

ខ្លាំង​បាត់! ​គេឃាត់មិនឱ្យ​វាយ​​កម្ទេច​ទូ ATM ផ្ទុះកំហឹង​វាយ​២នាក់​ប្តីប្រពន្ធ​

ខេត្តព្រៃវែង ៖ ប្តីប្រពន្ធ២នាក់ដែលជាអ្នកលក់ផ្លែឈើតាមផ្លូវ ត្រូវយុវជនម្នាក់សង្ស័យបែកថ្នាំវាយសំពងបណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ បន្ទាប់ពីជនរងគ្រោះទាំង២នាក់ទៅឃាត់មិនអោយវាយកម្ទេចទូ ATM របស់ធនាគារមួយកន្លែង ធ្វើឱ្យជនសង្ស័យខឹងក៏វាយជនរងគ្រោះទាំង២នាក់តែម្តង ។

ហេតុការណ៌ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានថ្ងៃទី៩ សីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង។ជនរងគ្រោះទាំង២នាក់ខាងលើ រួមមានបុរសជាប្តីឈ្មោះ ជឹម ឡេង អាយុ៥៣ឆ្នាំ រងរបួសបែកលើចិញ្ចើមចំនួន២កន្លែង និងស្ត្រីជាប្រពន្ធឈ្មោះ ឡេ ថាន់ទៀង អាយុ៥០ឆ្នាំ រងរបួសធ្ងន់ បែករយះក្បាលខាងមុខត្រង់ថ្ងាស១កន្លែង និងក្បាលផ្នែកខាងក្រោយ១កន្លែង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅសង្គ្រោះបន្ទាន់ នៅឯរាជធានីភ្នំពេញទាំងយប់ ។

ចំណែកជនបង្កឈ្មោះ ខៀវ រតនា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៌ ហើយត្រូវបានសមត្ថកិច្ចអះអាងថា ជាមនុស្សបែកថ្នាំ និងត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពវាយសំពងទៅលើជនរងគ្រោះទាំង២នាក់។តាមប្រភពពីនគរបាលស្រុកពាមរក៌បានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យបែកថ្នាំបានដើរស្រែកឡូឡាវង្វេងវង្វាន់តែម្នាក់ឯងពេញផ្លូវ បន្ទាប់មក នៅសុខៗស្រាប់តែជនសង្ស័យកាន់ឈើជ្រុងដើរទៅវាយកម្ទេចរានព្រះភូមិរបស់អ្នកស្រុក ដែលដាក់នៅខាងមុខផ្ទះគេ ហើយបន្តទៅវាយទូ ATM របស់ធនាគារមួយកន្លែងថែមទៀតផង ។

តាមប្រភពដដែលបានបន្តថា ដោយឃើញបែបនេះ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានស្រែកហាមឃាត់ ធ្វើអោយជនសង្ស័យខឹងក៏ស្ទុះមកវាយលើជនរងគ្រោះទាំង២នាក់ បណ្តាលអោយរងរបួសធ្ងន់បែបនេះតែម្តង។ តាមប្រភពដដែលបានបញ្ជាក់ថា ក្រោយឃើញសកម្មភាពបែបនេះ សន្តិសុខដែលយាមនៅខាងមុខធនាគារនោះ បានរាយការណ៌មកសមត្ថកិច្ចប៉ូស្ត៌រដ្ឋបាលចុះទៅអន្តរាគមន៍និងចាប់ខ្លួនជនបង្កបានភ្លាមៗ ហើយកំពុងកសាងសំណុំរឿងចាត់ការបន្តទៅតាមនិតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព