Social Network

សុំ​ជានា​គ្នា​វិញ​នាង​មិន​ព្រម អតីត​ប្តី​អត់​ខាន់ស្លា​បែកគំនិត​លប​លួច​តាម​ជះ​ទឹក​អាស៊ីត

ខេត្តប៉ៃលិន ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីម៉ោង១២យប់ឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នេះ មានករណីជះទឹកអាស៊ីត១លើក បង្កឡើងដោយជនសង្ស័យម្នាក់ជាអតីតប្តីអត់មានខាន់ស្លា ខណៈពេលដែលសុំអតីតប្រពន្ធជានានឹងគ្នាវិញ តែប្រពន្ធមិនព្រម ស្រាប់តែអតីតប្តីលបលួចមកតាមជះទឹកអាស៊ីតដាក់តែម្តង ហេតុការណ៍បានកើតឡើងស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យជាអតីតប្តីខាងលើមានឈ្មោះ សាយ សុខម៉េង អាយុប្រហែល៣៣ឆ្នាំ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុង-ខេត្តប៉ៃលិន ចំណែកស្ត្រីរងគ្រោះដោយការវាយប្រហារ ទឹកអាស៊ីដនេះឈ្មោះ សុខ នួន ហៅណាង អាយុ២៥ឆ្នាំ នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន បានរបួសធ្ងន់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ទាំងពីរនាក់ខាងលើបានយកគ្នាធ្វើជាប្ដីប្រពន្ធដោយគ្មានសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍នោះទេ តាំពីឆ្នាំ២០១៣មកម្ល៉េះ ហើយពួកគេក៏បានចេញទៅធ្វើការងាររកស៊ីនៅប្រទេសថៃឯណោះ ។ ប្រភពដដែលបន្តថា លុះមួយរយៈក្រោយពេលមកនេះ ដោយសារតែមានជំងឺឆ្លងរាលដាលនៃកូវីដ១៩ ពួកគេ២នាក់ប្តីប្រពន្ធបានវិលត្រឡប់មកស្រុកកំណើតវិញ ។

នៅពេលមួយនោះឈ្មោះ សាយ សុខម៉េង (ប្ដី) បានសុំលែងលះប្រពន្ធមួយរយៈ ប៉ុន្តែក្រោយមកក៏សុំប្រពន្ធជានានឹងគ្នាវិញ ហើយរឿងបានកើតឡើង២ទៅ៣ដងទៅ តែប្រពន្ធមិនព្រមនោះទេ។

ប្រភពដដែលបន្តទៀតថា ដោយសារតែខឹងប្រពន្ធមិនទទួលស្គាល់ជាប្តីប្រពន្ធទៀតនោះ ទើបជនសង្ស័យ (ប្តី) បែកគំនិតទិញទឹកអាស៊ីត រួចលបលួចមកធ្វើសកម្មភាពតាមជះទឹកអាស៊ីតទៅលើស្ត្រីជាអតីតប្រពន្ធរបស់ខ្លួន បណ្ដាលរបួសធ្ងន់ទាំងកណ្តាលអធ្រាត្រតែម្តង ។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ ។ តែទោះជាយ៉ាងណាក្តី សមត្ថកិច្ចបាននិងកំពុងដុតដៃដុតជើង ដើម្បីតាមស្វែងរកជនសង្ស័យដែលជាអតីតប្តីរូបនេះ នាំមកទទួសខុសត្រូវចំពោះមុខច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព