Social Network

ព្រោះតែ​មូលហេតុ​មួយ ធ្វើ​ឱ្យ​យុវជន​ម្នាក់​ហ៊ាន​កាន់​ដាវ​ស្ទុះ​ទៅ​កាប់​ទាំង​កំរោល

ខេត្តបាត់ដំបង ៖ យុវជនឈាមរាវម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីប្រើប្រាស់ដាវសាំមូរ៉ៃកាប់ទៅលើបុរសម្នាក់ទាំងកំរោល ដោយអះអាងថា «ជាការសងសឹក» បណ្ដាលឱ្យបុរសរងគ្រោះរូបនេះដាច់.កដៃឆ្វេងម្ខាង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខហាង មីហឹរ ស្ថិតក្នុងភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នោះជិះម៉ូតូម៉ាកអិចសិនទ័រ ពណ៌ខៀវ ហើយបានស្ទាក់កាប់ជនរងគ្រោះឈ្មោះ ឈឺន ចាន់ថន ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មកររស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង បណ្ដាលឱ្យដាច់ដៃឆ្វេងម្ខាង។ ប៉ុន្តែជនដៃដល់ឈាមរាវម្នាក់ត្រូវចាប់ខ្លួនឈ្មោះ ធា ចាន់ថន ភេទប្រុស អាយុ១៧ឆ្នាំ និងបក្សពួកម្នាក់ទៀតដែលជាអ្នកឌុបឈ្មោះ ឃុន ចាន់ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រត់រួច ពួកគេទាំង២នាក់រស់នៅភូមិត្រាង ឃុំត្រាង ស្រុកកំរៀង។

ក្រោយកើតហេតុកម្លាំងអធិការស្រុកកំរៀង ក៏បានឃាត់ខ្លួនជនដៃដល់ម្នាក់បានភ្លាមៗនៅកន្លែងកើតហេតុផងដែរ។បើតាមអ្នកឃើញហេតុការណ៍ បាននិយាយថា ជនដៃដល់ទាំង២នាក់នោះ បានជិះម៉ូតូមកឈប់នៅខាងមុខហាងលក់មីហីរ ដោយមិនបានបង្អង់យូរទេ។ ពេលនោះស្រាប់តែគេឃើញជនដៃដល់ម្នាក់បានចុះពីលើម៉ូតូដោយកាន់ដាវក្នុងដៃ រួចស្ទុះទៅកាប់ជនរងគ្រោះតែម្ដង។

ប្រភពដដែលបញ្ជាក់ថា ភាគីទាំង២ហាក់មានទំនាស់ជាមួយគ្នាយូរមកហើយ ទើបជនដៃដល់មកកាប់ទាំងកំរោលបែបនេះ។ ពេលនោះគេឃើញជនរងគ្រោះលើកដៃរងផ្លែដាវ ទើបបណ្ដាលឱ្យជនរងគ្រោះដាច់ត្រឹមក.ដៃឆ្វេងម្ខាងយ៉ាងធ្ងន់ធ្ងរបែបនេះតែម្តង។

សាក្សីបានបន្ថែមថា បន្ទាប់ពីកាប់ជនរងគ្រោះដាច់ដៃធ្លាក់ដល់ដីហើយ ពេលនោះក៏មានការផ្អើលឆោឡោ រហូតសមត្ថកិច្ចអន្តរាគមន៍ចាប់បានម្នាក់ រីឯបក្សពួកម្នាក់រត់បាត់ ខណ:ពេលជនរងគ្រោះអោនរើសប្រអប់ដៃខ្លួនយកមកកាន់បង្ហាញគេឯងយ៉ាងរន្ធត់បំផុត។ ក្រោយកើតហេតុ ជនដៃដល់ដែលត្រូវឃាត់ខ្លួន សមត្ថកិច្ចក៏បានវាយខ្នោះនាំយកទៅសាកសួរភ្លាមៗនៅអធិការនគរបាលស្រុកកំរៀង អំពីមូលហេតុអ្វីដែលនាំឱ្យឈានដល់ការប្រើប្រាស់ដាវកាប់ទៅលើជនរងគ្រោះ រហូតរបួសធ្ងន់ធ្ងរបែបនេះ។

បើតាមការស្រង់ចម្លើយបឋមពីជនដៃដល់ឈ្មោះ ធា ចាន់ថន សមត្ថកិច្ចបានប្រាប់ថា ខ្លួន (ជនដៃដល់) និងជនរងគ្រោះជាមនុស្សធ្លាប់ស្គាល់គ្នា ហើយក៏ធ្លាប់មានជម្លោះជាមួយគ្នាកន្លងមកដែរ។

ម្យ៉ាងទៀត ដោយសារតែជនរងគ្រោះចេះតែតាមឌឺដងឱ្យខ្លួន ទើបខ្លួនតាមកាប់ ដើម្បីសងសឹកតែម្ដងទៅ។ មន្ត្រីអធិការស្រុកកំរៀង បានបញ្ជាក់ថា ពេលនេះមន្ត្រីជំនាញកំពុងសាកសួរជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីហើយ ខណ:បក្សពួកជននេះម្នាក់ទៀតកំពុងត្រូវបានមន្ត្រីជំនាញតាមស្វែងរកចាប់ខ្លួនផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព