Social Network

ប្តី​ប្រពន្ធ​ផឹកស្រា​ស្រវឹង​កើត​ហិង្សា ប្រពន្ធ​ស្រវា​ដែក​ស្រួច​ចាក់​ប្តី​ស្លាប់

ខេត្តព្រៃវែង ៖ ព្រោះតែទឹកប្តូរនិស្ស័យ ធ្វើឲ្យកើតទៅជាអំពើហិង្សា រហូតធ្វើឲ្យស្ត្រីម្នាក់ក្លាយទៅជាឃាតក ដោយបានចាក់ប្តីខ្លួនឯងបណ្តាលឲ្យបាត់បង់ជីវិតនៅនឹងកន្លែង ហើយត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីកើតហេតុ។

ប៉ុន្តែអ្វីដែលធ្វើឲ្យគេកាន់តែអាណោចអាធ័មនោះ គឺក្មេងតូចៗដល់ទៅ៣នាក់ ត្រូវបានក្លាយទៅជាក្មេងកំព្រាគ្មានទីពឹង ដោយសារតែឪពុកស្លាប់ ម្តាយត្រូវចាប់ខ្លួន តើវាសនារបស់ពួកគេនឹងទៅជាយ៉ាងណា0x017d7 អំពើហិង្សានៅក្នុងគ្រួសារ និងបានឈានរហូតក្លាយទៅជាករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា នៅលើផ្លូវលំ១កន្លែង ក្នុងភូមិក្តាមពុក ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ដោយជនរងគ្រោះជាប្តីដែលបានស្លាប់ មានឈ្មោះ អ៊ុន លី អាយុ៤៨ឆ្នាំ ត្រូវប្រពន្ធប្រើដែកស្រួចចាក់ចំបំពង់ក បណ្តាលឲ្យស្លាប់បាត់ភ្លាមៗនៅនឹងកន្លែង។ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះ សោម ស៊ីម៉ាក់ អាយុ៣៥ឆ្នាំ អ្នកទាំង២មានទីលំនៅក្នុងភូមិកើតហេតុ និងមានកូនប្រុសស្រីចំនួន៣នាក់ កូនប្រុសច្បងអាយុ១១ឆ្នាំ, កូនទី២ អាយុ៩ឆ្នាំ និងកូនពៅអាយុ៤ឆ្នាំ។

លោក ជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេច បានឲ្យដឹងថា មុនពេលកើតហេតុនោះ មានអ្នកស្រុកជិតខាងបានស្លាប់ ហើយបានពឹងរកប្តីប្រពន្ធទាំង២ឲ្យទៅជួយក្នុងកម្មវិធីបុណ្យ ដោយបុរសជាប្តីធ្វើជាភ្លុក ស្ត្រីជាប្រពន្ធជួយលាងចានឆ្នាំដាំបបរ ហើយម្ចាស់ដើមបុណ្យបានដាក់ស្រាថ្នាំឲ្យអ្នកជួយទាំងអស់គ្នាផឹក គឺផឹកបណ្តើរធ្វើការបណ្តើរ ដែលជាទម្លាប់ក្នុងស្រុកភូមិនោះ។

លោកអធិការបានបន្តថា ទាំងប្តី និងប្រពន្ធគឺផឹកស្រាទាំងអស់គ្នា លុះពេលផឹកស្រវឹងបុរសជាប្តីបានវាយធ្វើបាបកូនប្រុស ហើយប្រពន្ធចូលទៅជួយក៏វាយទាំងប្រពន្ធទៀត ទើបធ្វើឲ្យផ្អើលពេញរោងបុណ្យ ទាំងអ្នកទៅជួយ និងម្ចាស់ផ្ទះបុណ្យក៏ចេញមកឃាត់ និងដេញឲ្យទៅផ្ទះទាំង៣នាក់វិញទៅ។

តែពេលមកដល់ផ្ទះ អ្នកទាំង២ក៏បន្តឈ្លោះគ្នាទៀត ហើយបុរសជាប្តីបានទាញយកម៉ូតូជិះចេញទៅក្រៅ បំណងទៅរកកន្លែងផឹកទៀត តែស្ត្រីជាប្រពន្ធបានតាមទៅទាន់នៅកណ្តាលផ្លូវកន្លែងកើតហេតុ ធ្វើឲ្យបុរសជាប្តីខឹងក៏ទាញគល់ឫស្សីនៅក្បែនោះ វាយកម្ទេចម៉ូតូ ឯស្ត្រីជាប្រពន្ធឃើញបែបនេះ ក៏ស្ទុះទៅយកដែកដាប់ថ្មដែលមានចុងស្រួច មកគំរាមប្តីដោយបានលើកដៃជន្លចាក់ គាប់ជួនប្តីស្ទុះហុចកមកឲ្យចាក់ទៀត ក៏មុចជុងនឹងដែកដែលប្រពន្ធជន្លចាក់នោះ ត្រូវចំបំពង់កតែម្តង បណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ចំណែកឯស្រី្តជាប្រពន្ធពេលឃើញប្តីប្រកាច់ស្លាប់បែបនេះ មិនបានរត់ទៅណាទេ គឺនៅយំឱបសពប្តី រហូតសមត្ថកិច្ចទៅដល់ចាប់ឃាត់ខ្លួនតែម្តង។

តាមការរៀបរាប់របស់ស្ត្រីជាប្រពន្ធ បានអះអាងថា ប្តីរបស់គាត់តែងតែស្រវឹងវាយកម្ទេចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងវាយធ្វើបាបប្រពន្ធកូនមិនដែលលោះថ្ងៃណាទេ ធ្វើឲ្យគាត់ទ្រាំលែងបាន ក៏បែកគំនិតដើរផឹកដូចប្តីដែរ ហើយពេលមកដល់ផ្ទះស្រវឹងទាំងអស់គ្នា ក៏ឈ្លោះវាយតប់គ្នាទៅវិញទៅមកស្ទើរាល់ថ្ងៃ ប៉ុន្តែមិនដែលធ្ងន់ធ្ងរនោះទេ ហើយលើកនេះគាត់ក៏គ្មានចេតនាសម្លាប់ប្តីដែរ គឺគាត់គ្រាន់តែជន្លគំរាម មិនស្មានថាទៅជាបែបនេះនោះទេ។

ទោះជាបែបនេះក្តី ពេលនេះស្ត្រីជាប្រពន្ធត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនហើយ ចំណែកសាកសពបុរសជាប្តី ត្រូវបានប្រគល់ទៅឲ្យលោកយាយដែលជាម្តាយ រៀបចំធ្វើបុណ្យទៅតាមប្រពៃណី នៅនឹងផ្ទះរបស់ជនរងគ្រោះ៕

ដកស្រង់ពី៖កោះសន្តិភាព