Social Network

ឃាត់ខ្លួន​នារី​ម្នាក់ លួច​ទ្រព្យសម្បត្តិ​ក្នុង​បន្ទប់​ដែល​ម្ចាស់​ភ្លេច​ចាក់សោ​ទ្វារ ក្នុង​ក្រុង​សៀមរាប

ខេត្តសៀមរាប ៖ កម្លាំងនគរបាល នៃការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានចាប់ឃាត់ខ្លួននារីជាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី អំពើលួចទ្រព្យសម្បត្តិ (ប្រាក់និងគ្រឿងអលង្ការ) ខណៈនារីម្នាក់ទៀតជាម្ចាស់បន្ទប់ ចេញទៅខាងក្រៅ មិនបានចាក់សោទ្វារ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុង ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

នារីសង្ស័យមានឈ្មោះ ទ្រី រ៉ូមីហ្សឺ ហៅ ធី (នីតា) អាយុ១៨ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ចំណែកឯ ជនរងគ្រោះឈ្មោះ សំ ស្រីដែន ហៅ (ហ្វាស៊ីរ៉ា) ភេទស្រី អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មុខរបរបុគ្គលិកផ្សារទំនើប មានទីលំនៅ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

យោងតាមរបាយការណ៍នគរបាលក្រុងសៀមរាប បានឲ្យដឹងថា នារីជនសង្ស័យ ពាក់ព័ន្ធករណីអំពើលួចទ្រព្យសម្បត្តិ របស់ស្រី្តជនរងគ្រោះម្នាក់ទៀត ខណៈពេលនារីរងគ្រោះរូបនោះមិនបាននៅផ្ទះ ដោយមានធុរៈចេញទៅខាងក្រៅ ពេលនោះជនសង្ស័យ បានធ្វើសកម្មភាពចូលទៅក្នុងបន្ទប់គេងរបស់ជនរងគ្រោះ ដែលមិនបានចាក់សោទ្វារ ហើយជនសង្ស័យបានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិមួយចំនួន ពេលធ្វើសកម្មភាពលួចបានហើយ ជនសង្ស័យបម្រុងដើរចេញមកក្រៅដើម្បីគេចខ្លួន ពេលនោះ ត្រូវបានឪពុករបស់ជនរងគ្រោះ បានឃើញជនសង្ស័យ រួចធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ យកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

រីឯវត្ថុតាងដែលដកហូតបាន រួមមាន៖ កងដៃឈុត ធ្វើអំពីផ្លាកទីន ចំនួនដប់កង ដែលមានតម្លៃទឹកប្រាក់ចំនួន ៧០០ដុល្លារ, ខ្សែដៃមួយខ្សែ ប្រភេទច្រវ៉ាក់ឆាប ធ្វើអំពីផ្លាកទីនចំនួនមួយខ្សែ មានទម្ងន់ ៥ជី តម្លៃ ៥០០ដុល្លារ, ចិញ្ចៀនម៉ូតផ្កាច័ន្ទត្បូងពណ៌ស ធ្វើអំពីផ្លាកទីន ចំនួនមួយវង់ មានតម្លៃ ៧០ដុល្លារ, ទូរស័ព្ទ ipad ចំនួន ១គ្រឿង ពណ៌មាស មានតម្លៃ ៥២០ដុល្លារ, ប្រាក់ដុល្លារចំនួន ៤០ដុល្លារ, ប្រាក់បាតថៃចំនួន ២០០បាត, ប្រាក់ខ្មែរចំនួន ១,៨០០,០០០រៀល ។ បច្ចុប្បន្ន មន្ត្រីនគរបាលជំនាញ កំពុងធ្វើការកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព