Social Network

មិន​គួរ​ឡើយ​! ត្រឹម​ពាក្យ​សម្តី ហ៊ាន​លើក​ដៃ​ផ្តាច់ជីវិត​មនុស្ស​ម្នាក់

ខេត្តព្រះវិហារ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីឃាត.កម្មដោយចេតនាមួយកើតឡើង ព្រោះតែទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ីរហូតឈានដល់ជនសង្ស័យម្នាក់ទាញកាំបិតផ្គាក់រួចស្ទុះទៅកាប់ជនរងគ្រោះដែលជាមិត្តភក្តិរបស់ខ្លួនពីក្រោយចំលលាដ៍ក្បាល បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនឹងកន្លែងកើតហេតុ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចដីស្រែកងទ័ពមួយកន្លែង ស្ថិតក្នុងភូមិសែនរុងរឿង៤ ឃុំមរតកតេជោ ស្រុកជាំក្សាន្ត ។

នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ឆយ បូរិន នាយសេនាធិការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ រ៉ា បឹប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិសែនរុងរឿង៤ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រីឯជនសង្ស័យមានឈ្មោះ សារ៉ាត់ សារិទ្ធិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិ-ឃុំជាមួយជនជនរងគ្រោះ ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ទៀតថា ចំពោះមូលហេតុដែលឈានដល់ការផ្តាច់ជីវិតជនរងគ្រោះនេះ គឺមុនដំបូងជនសង្ស័យ និងជនរងគ្រោះ រួមជាមួយមិត្តភក្តិមួយចំនួនទៀត បានបបួលគ្នាផឹកស្រាតាំងពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកាម្ល៉េះ ហើយក្នុងអំឡុងពេលនោះ ជនសង្ស័យ និងជនរងគ្រោះមានជម្លោះទាស់ទែងពាក្យសំដីគ្នាយ៉ាងខ្លាំង តែត្រូវបានមិត្តភក្តិសម្រួលឱ្យត្រូវរ៉ូវគ្នាវិញ ។

ប្រភពដដែលបនត្ថា រហូតដល់រសៀលម៉ោង៥ល្ងាចថ្ងៃដដែល ជនរងគ្រោះ និងជនសង្ស័យបានបបួលគ្នាផឹកបន្តទៀត លុះរហូតទល់យប់ ជនសង្ស័យបានបបួលជនរងគ្រោះ ចេញទៅអារឈើ ។

ខណៈពេលជនរងគ្រោះកំពុងអារឈើនោះ ស្រាប់តែជនសង្ស័យមានបំណងរួចជាស្រេច ហើយក៏បានទាញកាំបិតផ្គាក់កាប់ជនរងគ្រោះចំលលាដ៍ក្បាលផ្នែកខាងក្រោយ បណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតមួយរំពេចតែម្តង ដោយឡែកជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនបានភ្លាមៗដែរ ។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីសាកសួរបន្តតាមនីតិវិធី រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ដកស្រង់ពី៖កោះសន្តិភាព