Social Network

ទុ​ស្សេ​ខ្សែភ្លើង​បណ្ដាល​ឲ្យ​លំនៅ​ដ្ឋា​ន​៦​ខ្នង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះខ្ទេច

ខេត្តត្បូងឃ្មុំ ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៦ខ្នងស្មើនឹង៦ម្ចាស់ ត្រូវបានអគ្គិភ័យឆាបឆេះអណ្ដាតភ្លើងខ្មួលខ្មាញ់ទៅលើអាកាសបង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅ វេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងនោះដោយលោកឧត្តមសេនីយ៍ស្នងការ បានឲ្យរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ។

វរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា ចំពោះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យក្នុងនោះរួមមាន៖១.ផ្ទះឈ្មោះ កូប រ៉សេត ភេទប្រុស អាយុ៣៨ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រ គុណនឹង១២ម៉ែត្រ ឆេះទាំងអស់។ ២.ឈ្មោះ ស្រេង តី ភេទប្រុស អាយុ៧៥ឆ្នាំ ទំហំ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ ជាផ្ទះឈើប្រក់ក្បឿង ឆេះទាំងអស់។ ៣.ឈ្មោះ ហីម គ្រីយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រ គុណនឹង១២ម៉ែត្រ ឆេះទាំងអស់។

៤.ឈ្មោះ ស្រេង អៃសាស់ ភេទស្រី អាយុ៦២ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ៦ម៉ែត្រគុណនឹង១២ម៉ែត្រ ឆេះទាំងអស់។ ៥.ឈ្មោះ ម៉ាន អៃសាស់ ភេទស្រី អាយុ៥៥ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រ គុណនឹង១២ម៉ែត្រ ឆេះ៨០%។

៦.ឈ្មោះ អេល ម៉ាន ភេទប្រុស អាយុ៥៧ឆ្នាំ ផ្ទះថ្ម ប្រក់ស៊ីប្រូ ឆេះ៥០% ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីមូលដ្ឋាន រូបលោកបានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំមួយគ្រឿងចេញទៅអន្តរាគមន៍បាញ់ទឹកជាបន្ទាន់។ អធិការនគរបាលស្រុកត្បូងឃ្មុំប្រាប់បន្តថានេះជារដូវធ្លាក់ខ្យល់មកពីជើងពេលដែលមានគ្រោះអគ្គិភ័យកើតឡើងបែបនេះបានធ្វើឲ្យភ្លើងឆាបឆេះរហ័សបន្តពីផ្ទះមួយទៅផ្ទះមួយ។

ជាមួយនោះលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត១គ្រឿង ២.រថយន្កពន្លត់អគ្គិភ័យ អធិការដ្នានគរបាលស្រុកត្បូងឃ្មុំ។

៣.រថយន្តពន្លត់អគ្គិភ័យក្រុងសួង បានចេញអន្តរាគមន៍ជាបន្តបន្ទាប់បាញ់ទឹកដោយមិនបានឲ្យភ្លើងឆាបឆេះរាលដាលបន្តទៅលំនៅដ្ឋានរបស់ប្រជាពលរដ្ឋឯទៀតនៅក្នុងភូមិ។នៅក្នុងខេត្តការនោះកម្លាំងនគរបាលបានប្រើប្រាស់ទឹកអស់ចំនួន៦រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ចំពោះទ្រព្យសម្បត្តិដែលបាត់បង់ដោយគ្រោះអគ្គិភ័យនេះក្នុងនោះរួមមាន៖ ខូចខាតលុយដុល្លារ២២.២៥០ដុល្លារ លុយខ្មែរ៨៣លានរៀល មាស១២តម្លឹង៧ជី លុយម៉ាឡេ ៣២.០០០។ចំពោះមូលហេតុបណ្ដាលមកពីទុស្សេខ្សែភ្លើងចេញពីផ្ទះទី១ ក្នុងករណីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសដោយសារគ្រោះអគ្គិភ័យនោះទេ។

អធិការនគរបាលស្រុកត្បូងឃ្មុំបញ្ជាក់ថា ដើម្បីរក្សាសុវត្ថិភាពនៅតាមលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅក្នុងរដូវប្រាំង ធ្វើយ៉ាងណាចេះពន្លត់ភ្លើងទាន ភ្លើងធូប និងបិទបារ៉ែតភ្លើង មុនចាកចេញពីលំនៅដ្ឋានដើម្បីចៀសវាងកុំឱ្យមានគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ៕

ដកស្រង់ពី៖កោះសន្តិភាព