Social Network

​ប្តីប្រពន្ធ​​ទើបមកពីខេត្ត ស្រាប់តែ​ជួប​គ្រោះ​តាមផ្លូវ​

រាជធានីភ្នំពេញ ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងបើកលឿនហើយកៀរម៉ូតូមួយគ្រឿងដួលរួចកិនថែមទាំងអូសម៉ូតូទៀត បណ្តាលអោយស្ត្រីម្នាក់ដែលជាប្រពន្ធបានបាត់បង់ជីវិត ចំណែកប្តីរងរបួសស្រាល ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ នៅចំណុចក្បែនឹងវិមានឈ្នះឈ្នះ ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើ ក្នុងនោះស្ត្រីជាប្រពន្ធដែលបាត់បង់ជីវិតឈ្មោះ ទិត្យ ផាន្នី អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបច្ចុប្បន្ននៅជម្ពវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រែកក្រឡាញ ខេត្តស្វាយរៀង ។

ចំណែកបុរសជាប្តីដែលរងរបួសសស្រាលឈ្មោះ អុល ជាតិ អាយុ២៩ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅឯភូមិពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ស្វាយរៀង ១J-៩៨៦៥តាមប្រភពព័ត៌មានពីប្តីរបស់ស្ត្រីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ គាត់ទើបតែមកពីខេត្តព្រៃវែងជាមួយប្រពន្ធ ដោយជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើនេះ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A-៧២៩៥ ធ្វើដំណើរស្របទិសដៅគ្នា ប៉ុន្តែរថយន្តខាងលើនេះបើកលឿនហើយបានកៀរម៉ូតូដួល រួចកិនពីលើម៉ូតូអូសជិត១០០ម៉ែត្រខូចខាតស្ទើរទាំងស្រុង បណ្តាលឱ្យស្ត្រីជាប្រពន្ធបោកក្បាលស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកបុរសជាប្តីបានរងរបួសស្រាល ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានមកដល់ចុះមកដល់កន្លែងដើម្បីធ្វើការវាស់វែង ហើយគេសង្កេតឃើញបងប្អូនសាច់ញាតិមកដល់កន្លែងកើតហេតុស្រែកទ្រហោយំបោកខ្លួនយ៉ាងសង្វែគជាពន់ពេក ។ ក្រោយពេលកើតហេតុ រថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព