Social Network

ករណីពុល​ស្រា​.​ស​នៅ​កំពង់ឆ្នាំង សមត្ថកិច្ច​ចុះ​យក​សំណាក​គំរូ​ស្រា ទៅ​ពិនិត្យ​នៅ​ភ្នំពេញ

ខេត្តកំពង់ឆ្នាំង ៖ ករណីសង្ស័យពុលស្រាសនៅខេត្តកំពង់ឆ្នាំងដែលបណ្តាលឱ្យមានប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ១០០នាក់(មានអ្នកស្លាប់)នោះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការដឹកនាំសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះស្រាវជ្រាវលើករណីពុលនេះ ។

មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ឆ្នាំង បានយកសំណាកគំរូស្រា ដែលសង្ស័យថា មានសារធាតុពុល (Methanol) ហើយដែលប្រជាពលរដ្ឋរងគ្រោះបានទទួលទាន មកធ្វើការពិសោធន៍វិភាគនៅស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋាន ក.ប.ប. (រាជធានីភ្នំពេញ) ។

លទ្ធផលយ៉ាងណានោះ នឹងផ្សាយជូនជាបន្ត ។ សូមជម្រាបថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២៩ វិច្ឆិកា ២០២០ បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង អោយដឹងថា ហេតុការណ៍សង្ស័យពុលស្រាសនេះ បានកើតឡើងនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋរងគ្រោះ(អ្នកមានអាការសង្ស័យពុលស្រាស) បានទទួលព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មានចំនួន ១០៥នាក់ (ស្រីចំនួន ៦នាក់) ក្នុងចំណោមនោះ អ្នកមានស្ថានភាពធ្ងន់ធ្ងរចំនួន ៦នាក់ និងបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ០៥នាក់ (ស្លាប់នៅតាមផ្លូវពេលបញ្ជូនចំនួន ០២នាក់ និងករណីនៅធ្ងន់ធ្ងរកំពុងសង្គ្រោះ ០១នាក់) មានករណីស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ០១នាក់ ស្លាប់នៅផ្ទះ ០១នាក់ និងបានព្យាបាលនៅមណ្ឌលសុខភាពអភិវឌ្ឍន៍ ចំនួន ១០ នាក់ ។

សរុបអ្នករងគ្រោះចំនួន ១១៥នាក់ (ស្រី៦នាក់) ក្នុងនោះស្លាប់ ៥នាក់ ។ បច្ចុប្បន្ន អ្នកជំងឺដែលកំពុងសម្រាកព្យាបាល មានការវិវត្តន៌មកស្ថានភាពល្អប្រសើរវិញហើយ ។ មូលហេតុអ្នកទាំងអស់ខាងលើបានមកចូលរួមកំដរបុណ្យសពក្នុងភូមិ ហើយជួបជុំគ្នាពិសារស្រាស រីឯការសន្និដ្ឋានរបស់ក្រុមការងារចុះស្រាវជ្រាវពិនិត្យ គឺជាករណីសង្ស័យពុលស្រាស ៕

ដកស្រង់ពី៖កោះសន្តិភាព