Social Network

ឃាត់ខ្លួន​ម្ចាស់​យានដ្ឋានម្នាក់នេះ បន្លំ​​ធ្វើ​ផ្លា​ក​​លេខ​​ក្លែងក្លាយ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ជាម្ចាស់យានដ្ឋានជួសជុលរថយន្តមួយកន្លែង បានត្រូវកងរាជអាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួននាំយកមកសាកសួរកាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ពាក់ព័ន្ធនឹងប្រើប្រាស់ផ្លាកលេខរថយន្តក្លែងក្លាយ ហើយត្រូវសមត្ថកិច្ចគយចាប់ និងដកហូតយក ។

លោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ដោយមាន ការសម្របសម្រួលពីលោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានហៅបុរសឈ្មោះ ឃឹម ប៊ុនធឿន អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ដើម្បីសាកសួរពាក់ព័ន្ធនឹងការប្រើប្រាស់រថយន្តម៉ាកឡិចសុីស rx 400h ពណ៌ស ពាក់ផ្លាកលេខក្លែងក្លាយ ភ្នំពេញ ២BD-៩៣២៦ ដែលជននេះបានប្រើប្រាស់ជាសាធារណៈ ។

លោកមេបញ្ជាការរងបញ្ជាក់ថា មុនពេលធ្វើការឃាត់ខ្លួន សមត្ថកិច្ចគយខេត្តបានឃាត់ ខ្លួន ជននេះ ជាមួយរថយន្តពាក់ផ្លាកលេខក្លែងក្លាយខាងលើ ហើយក៏បានដកហូតរថ យន្ដ ប៉ុន្តែបានឲ្យជននេះត្រឡប់ទៅផ្ទះវិញ ។

ទោះជាយ៉ាងនេះក្តី ក្រោយពីទទួលបានដំណឹងនេះ កម្លាំងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានហៅឈ្មោះ ឃឹម ប៊ុនធឿន មកធ្វើការសាកសួរ និងរក ឃើញថា មិនមានឯកសារអ្វីត្រឹមត្រូវនោះទេ ។

តាមការពិត រថយន្តឡិចសុីស rx400h ពាក់ផ្លាកលេខ ភ្នំពេញ ២BD-៩៣២៦ គឺជា ផ្លាកលេខរបស់រថយន្តហាយឡែនឌ័រ ពណ៌ខ្មៅ ជាកម្មសិទ្ធិរបស់ឈ្មោះ គ័រ ឆូវយ៉ាង មានទីលំនៅក្នុងរាជធានីភ្នំពេញ ។ ដោយសារតែឃើញឈ្មោះ នេះប្រើប្រាស់ឯកសារក្លែងបែបនេះហើយ ទើប សមត្ថកិច្ចសម្រេចឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីធ្វើការសាកសួរនិងស្រាវជ្រាវបន្ត ។

សមត្ថកិច្ចបានរំឭកថា ឈ្មោះ ឃឹម ប៊ុនធឿនជាជាងជួសជុលរថយន្ត មានយានដ្ឋានមួយកន្លែងនៅឃុំពង្រ ស្រុករលាប្អៀរ ។ ជារឿយៗ គេតែងឃើញឈ្មោះនេះទិញ-លក់រថយន្តជាច្រើនគ្រឿងផងដែរ ។

ដកស្រង់ពី៖កោះសន្តិភាព