Social Network

កូ​វី​ដ១៩៖ តុលាការ​ភ្នំពេញ​ផ្អាក​សវ​នាការ​១៤​ថ្ងៃ ដោយ​មន្ដ្រី​មួយ​ចំនួន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្ដា​ឡី​ស័ក

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០ នេះ បានចេញសេចក្តីជូនដំណឹងដល់មេធាវី ភាគីពាក់ព័ន្ធក្នុងសំណុំរឿង ក៏ដូចជាសាធារណជនថា សាលាដំបូងរាជធានីភ្នំពេញ សម្រេចប្រកាសផ្អាកសវនាការគ្រប់សំណុំរឿងទាំងអស់ ដែលមានអ្នកជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ (PJ) មណ្ឌលអប់រំកែប្រែទី១ (ម១) និងមណ្ឌលអប់រំកែប្រែទី២ (ម២) រយៈពេល ២ សប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ។

នៅក្នុងសេចក្តីជូនដំណឹងស្តីពី «ការលើកពេលសវនាការ» នេះ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) មណ្ឌលអប់រំកែប្រែទី១ (ម១) និងមណ្ឌលអប់រំកែប្រែទី២ (ម២)បានដាក់លិខិតមកសាលាដំបូងរាជធានីភ្នំពេញ ដែលមានកម្មវត្ថុស្នើសុំផ្អាករាល់សវនាការសម្រាប់ជនជាប់ឃុំនៅពន្ធនាគារខាងលើ រយៈពេល១៤ថ្ងៃ «ដោយហេតុថា មានការពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺ Covid-19 ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ហើយមានមន្ដ្រីមួយចំនួនដែលតម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ដូចនេះការនាំជនជាប់ឃុំមកសវនាការមិនអាចប្រព្រឹត្តទៅបានល្អ ពីព្រោះមិនមានកម្លាំងមន្ត្រីគ្រប់គ្រាន់ និងបង្ការការរីករាលដាលដល់ជនជាប់ ឃុំ» ។

ប្រភពដដែលបានបន្តថា«ម្យ៉ាងទៀតមន្ត្រីមួយចំនួននៃសាលាដំបូង ក៏ជាប់ធ្វើចត្តាឡីស័កក្នុង «ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា» ផងដែរ ហេតុនេះសាលាដំបូងរាជធានីភ្នំពេញ សូមលើកពេលសវនាការដែលបានគ្រោងទុក នៅក្នុងចន្លោះពេលពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ ពាក់ព័ន្ធនឹងសំណុំរឿងដែលមានជនជាប់ឃុំ ទៅពេលក្រោយវិញ លើកលែងតែករណីចាំបាច់មួយចំនួន ដែលោក លោកស្រី ចៅក្រមពិនិត្យតាមភាពជាក់ស្តែង» ។

ជាមួយគ្នានោះផងដែរ ស្ថាប័នខាងលើក៏បានក្រើនរម្លឹកថា ខណៈការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ នៅដំណើរការធម្មតា ប៉ុន្ដែសូមថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ ត្រូវបំពេញភារកិច្ចរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវវិធានការអនាម័យ ៕

ដកស្រង់ពី៖កោះសន្តិភាព