Social Network

កម្មករពីរនាក់ ស្លាប់បាត់បង់ ជីវិត ខណៈកំពុង បញ្ជាគ្រឿងចក្រ កាយដីភ្នំ

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ បុរស២នាក់ បានស្លាប់បាត់បង់ ជីវិត ភ្លាមៗនៅកន្លែងកើតហេតុ ដោយបាក់ដីភ្នំ សង្កត់ពីលើអេស្កាវាទ័រ ដែលកំពុងកាយដីភ្នំ ដាក់ឡាន ។

ហេតុការណ៍នេះ បានកើតឡើង នៅចំណុចការដ្ឋាន វាយថ្មសំណង់ភ្នំ ថ្លុកត្របែក ស្ថិតក្នុងភូមិ ខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា កាលពីវេលាម៉ោង ៦ និង៣០នាទី ក្រុមកម្មករ បានចេញធ្វើការ តាមមុខសញ្ញា រៀងៗខ្លួន រហូតដល់ម៉ោង កើតហេតុខាងលើ កម្មករ២រូប កំពុងបញ្ជាគ្រឿងចក្រ អេស្កាវាទ័រ កាយអាចម៍ដីភ្នំ ដើម្បីយកកន្លែងបំផ្ទុះថ្ម ខណៈនោះក៍បាក់ដីភ្នំសង្កត់ ស្លាប់បាត់បង់ ជីវិតភ្លាមៗតែម្តង ។

មន្ត្រីនគរបាល នៅកន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោះខាងលើ ១-ឈ្មោះ សៅ ប៊ុន នឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាអ្នកបើកគ្រឿងចក្រ មានប្រពន្ធ និងកូន៣នាក់ ២-ឈ្មោះ ផុន ផែន ភេទប្រុស អាយុ២៣ឆ្នាំ ជាព្រូ មានទីលំនៅភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្រោយពីការត្រួតពិនិត្យ និងធ្វើកំណត់ហេតុ របស់សមត្ថកិច្ចជំនាញ រួច សពជនរងគ្រោះ ទាំងពីប្រគល់ អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ បើតាមការអោយដឹងពីមេការ ការដ្ឋានខាងលើ បានអោយដឹងថា ក្រុមហ៊ុននេះបានទទួល អាជ្ញាប័ណ្ណ ពីក្រសួង ធនធានរ៉ែ និងថាមពល ចាប់តាំងពីឆ្នាំ២០០២ ហើយលោកបានជីក រណ្តៅវាយថ្ម នេះ រហូតមិនដែល មានបញ្ហា អ្វីកើតឡើងឡើយ លុះដល់ឆ្នាំ២០១២ ក្រសួងបានកែតម្រូវ អោយប្តូរទីតាំង មកខាងត្បូងវិញ ដោយផ្អាក មិនអោយធ្វើបន្តទៅខាងជើង លុះដល់ថ្ងៃកើតហេតុ ក៍ជួបហេតុការណ៍ បែបនេះតែម្តង ។

ម្យ៉ាងទៀត នៅចំណុចដីភ្នំ ដែលកំពុងធ្វើនេះ សំបូរដោយដី មិនសូវមានថ្មច្រើនខាងលើ ទៀបបណ្តាលអោយ បាក់បែបនេះតែម្តង ៕

ដកស្រង់ពី៖ដើមអម្ពិល