Social Network

ប៉ូលិស ចាប់ ៤នាក់ទៀត ពាក់ព័ន្ធ​គ្រឿង​ញៀន នៅភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន ០៤នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក ចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ នៅវេលាម៉ោង ០១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រ ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា នៅវេលាម៉ោង ០១ រំលងអាធ្រាត្រ កម្លាំងនរបាលផ្នែកប្រឆាំងគ្រឿងញៀន បានល្បាតនៅចំណុចមុខវត្តជ័យឧត្តម ស្ថិតនៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក បានប្រទះឃើញមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀន ម្នាក់ ឈ្មោះ នូ ឧស្សា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក។

នៅពេលធ្វើការឆែកឆេរ កម្លាំងនគរបាលបានរកឃើញថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក) ចំនួន ០២កញ្ចប់តូច និង០១កញ្ចប់ធំ ហើយបានឃាត់ខ្លួន យកមកសួរនាំនៅអធិការដ្ឋាន។

លោកអធិការ បានបញ្ជាក់ថា ក្រោយពីសួរនាំ ឈ្មោះ នូ ឧស្សា រួចមក លោកបានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន បន្តទៅឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ០២នាក់ និងអ្នកប្រើប្រាស់គ្រឿងញៀន ម្នាក់បន្ថែមទៀត នៅចំណុចខាងត្បូងក្បាលស្ពាននាគ ចម្ងាយ ២០០ម៉ែត្រ កន្លែងខ្ចុះម្លប់ស្បូវ ស្ថិតនៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក។

ជនសង្ស័យទាំង ០៣នាក់ មាន៖ ១/-ឈ្មោះ ទៀក ចន្ថា ហៅទូ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅកណ្តាលលិចស្រះជីក ស្រុកភ្នំស្រុក បានឆែកឆេររកឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ០១ថង់ធំ ដែលលាក់នៅក្នុងកែបម៉ូតូ ២/-ឈ្មោះ ប៉ាន់ ព្រឹក ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ឆែកឆេរឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ចំនួន ០២ថង់ធំល្មម នៅក្នុងហោប៉ៅខោ ៣/-ឈ្មោះ វ៉ែន វាសនា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិកណ្តាលលិចស្រះ ឃុំជីកស្រុក ភ្នំស្រុកភ្នំ អ្នករួមដំណើរឆែកឆេរ មិនឃើញថ្នាំញៀន តែត្រួពិនិត្យឃើញមានសារធាតុ នៅក្នុងខ្លួន (អ្នកប្រើប្រាស់)។

លោកអធិកានគរបាលស្រុកភ្នំស្រុក បានបញ្ជាក់ថា ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទាំង ០៤នាក់ រួមទាំង វត្ថុតាងថ្នាំញៀន ត្រូវកម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព