Social Network

សម្រេច​ដោះ​លែង​អ្នក​បាញ់អាប៉ោង​ម្នាក់ និង​អ្នកលេង​ម្នាក់​ឲ្យ​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ

ខេត្តកណ្តាល ៖ មេបាញ់អាប៉ោងម្នាក់ និងអ្នកលេងអាប៉ោងម្នាក់ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជូនមកកាន់សាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង សាកសួរបានបន្តិចសម្រេចដោះលែងឲ្យវិលត្រលប់ទៅផ្ទះវិញតែម្តង។

បើតាមលោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ជាការលេងល្បែងស៊ីសង ទើបលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងសម្រេចឲ្យទៅលំនៅដ្ឋានវិញហើយ។

ជនសង្សយ័ទី១-ឈ្មោះ ជូ យ៉ុន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ទី២-ឈ្មោះ ម៉ម ស៊ីណា(ទូច) ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ចំណែកអ្នកចាក់មានគ្នាប្រហែល ០៤ ទៅ០៥ នាក់ទៀតរត់គេចខ្លួនអស់។ បើតាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២រសៀល ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថាមានករណីលេងល្បែងស៊ីសង (អាប៉ោង) នៅចំណុចដីឡូត៍ទុកចោលមួយកន្លែង ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលភូមិធំ បានចុះដល់កន្លែងកើតហេតុលេងល្បែងស៊ីសងខុសច្បាប់(អាប៉ោង) ធ្វើការឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងបានចំនួន ០២នាក់ (អ្នកបាញ់អាប៉ោងម្នាក់ និងអ្នកលេងម្នាក់)។វត្ថុតាងចាប់យករួមមាន មេអាប៉ោងចំនួន០៤គ្រាប់ ចានអាប៉ោងចំនួន០១ គម្របអាប៉ោងចំនួន០១ កម្រាលជ័រមានលេខចំនួន០១ ទូរស័ព្ទដៃម៉ាកOPPO ម៉ូដែលCPH2127 ពណ៌ទឹកសមុទ្រចំនួន០១ ប្រាក់រៀលចំនួន៦០៥០០០៛(ហុកសិបម៉ឺនប្រាំពាន់រៀល) កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួន០១ ម៉ូតូចំនួន០២គ្រឿង (ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខ ភ្នំពេញ ១AI-៧២១៨ ចំនួន០១គ្រឿង និង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ស្លាកលេខ កណ្តាល ១AC-៧៦៥៣ចំនួន០១គ្រឿង។

គួររំលឹកថា អ្នកលេងល្បែងស៊ីសងបញ្ជល់មាន់២នាក់ ដែលសមត្ថកិច្ចស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួនបាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចចម្ការស្វាយមិនស្គាល់ម្ចាស់ស្ថិតនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បន្ទាប់ពីបញ្ជូនដល់តុលាការ ក៏ត្រូវបានលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងសម្រេចឱ្យវិលត្រឡប់ទៅផ្ទះវិញផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព