Social Network

ចាប់ឧត្តមសេនីយ៍​ផ្កាយ២ ក្លែងក្លាយម្នាក់

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ បានបន្លំពាក់ឯកសណ្ឋាន ជានាយទាហានឧត្ដមសេនីយ៍ទោ និងក្លែងលិខិតសាធារណៈ ដើរឆបោកគេ ត្រូវកំលាំងអាវុធហត្ថ ឃាត់ខ្លួន នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បញ្ជូនខ្លួនទៅស្នងការស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាត់វិធានការបន្ត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត័មានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងអនុវត្តដីកាលេខ០០៩/២០២១ ចេញដោយលោក ម៉ែន ហុង ព្រះអាជ្ញារង នៃអយ្យការអមតុលាការយោធា កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានយោធា ជានាយទាហានឋានន្តរស័ក្តិ ឧត្ដមសេនីយ៍ទោ និងក្លែងលិខិតសាធារណៈ ព្រមទាំងឆបោក នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ជនសង្ស័យ មានឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអូរកន្ថោរខាងត្បូង សង្កាត់អូរកន្ថោរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានអាវុធខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសួរនាំទៅតាមនីតិវិធី។លោកវរសេនីយ៍ទោ ធៀម ភក្ដី ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខអាវុធហត្ថ ខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្រោយពីសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានបន្លំពាក់ឯកសណ្ឋានជានាយទាហានឧត្ដមសេនីយ៍ទោ និងក្លែងលិខិតសាធារណៈ ដើរឆបោកកន្លងមកពិតប្រាកដមែន។

បន្ទាប់ពីបានចម្លើយសារភាព កម្លាំងអាវុធហត្ថខេត្ត បានរៀបចំសំណុំរឿង បញ្ជូនបន្តទៅស្នងការស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព