Social Network

ឪពុកស្លុតចិត្ត ក្រោយកូនម្នាក់រត់​មក​ប្រាប់​រឿងអកុសល​មួយនេះ​​

ខេត្តកំពង់ធំ ៖ មានករណីក្មេងម្នាក់ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យបាត់បង់ជីវិត កាលពីវេលាម៉ោង៦និង៥នាទីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២១ នៅចំណុចមាត់ស្ទឹងក្រោយផ្ទះជនរងគ្រោះ ចំងាយប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិកងមាស ឃុំត្នោតជុំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។ក្មេងប្រុសរងគ្រោះឈ្មោះ គង់ ជីណេត អាយុ៨ឆ្នាំ មានឪពុកឈ្មោះ សុខ នាង អាយុ៣៨ឆ្នាំ និងម្តាយ ឈ្មោះ សួន ស៊ីណាត អាយុ៣៤ឆ្នាំ ។

គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ តាមប្រភពពីឪពុករបស់ក្មេងប្រុសរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានរាយខ្សែភ្លើងចេញពីផ្ទះទៅមាត់ស្ទឹងសម្រាប់បូមទឹក ហើយខាងកសិកម្មបានយកម៉ូទ័រដាក់ក្នុងទឹកស្ទឹង ដើម្បីបូមទឹកយកមកប្រើប្រាស់ ចំណែករូបគាត់ក៏ត្រឡប់មកផ្ទះវិញ ដោយទុកកូន២នាក់ឲ្យនៅលេងមាត់ទឹកស្ទឹងនៅក្បែរម៉ូទ័របូមទឹកដូចសព្វមួយដង ក្រោយមកកូនម្នាក់បានរត់មកប្រាប់គាត់ថា «អាណេតលង់ទឹក» ។

បន្ទាប់ពីឮកូនរត់មកប្រាប់បែបនេះ គាត់ក៏នាំគ្នារត់ទៅមើល ស្រាប់តែឃើញកូនបាត់បង់ជីវិតនៅមាត់ទឹក និងមានស្នាមខ្លោចនៅលើទ្រូងជារង្វង់ ដោយសារខ្សែរភ្លើងឆក់ ។

នៅពេលទទួលបានព័ត៍មានខាងលើនេះ សមត្ថកិច្ចនិងលោកមេភូមិកងមាស ព្រមទាំងលោកមេឃុំត្នោតជុំ បាននាំគ្នាចុះមកពិនិត្យកន្លែងកើតហេតុ និងស.ពក្មេងរងគ្រោះ ដោយសន្និដ្ឋានថា ក្មេងរងគ្រោះពិតជាបាត់បង់ជីវិតដោយសារត្រូវចរន្តអគ្គិសនីឆក់ មិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ។ ក្រោយធ្វើការពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាព