Social Network

ចោរគាស់ផ្ទះ លួចបានកាំភ្លើងខ្លី និងឥវ៉ាន់មួយកាបូប ពេលចេញ​ដំណើរ ជួបនគរបាល

ខេត្តកណ្ដាល៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ១១ និង ៥០ នាទី យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ មានករណីចោរគាស់ផ្ទះមន្ត្រីយោធាម្នាក់ ស្ថិតនៅភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល លួចយកបានអាវុធខ្លីមួយដើម និងឥវ៉ាន់មួយបូប។

ប៉ុន្តែនៅពេលចោរនោះ ស្ពាយកាបូបចេញដំណើរទៅ បានជួបសមត្ថកិច្ច ក៏ឃាត់ខ្លួន។ជនសង្ស័យ ឈ្មោះ តុង ចាន់រ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ រីឯម្ចាស់ផ្ទះដែលចោរគាស់ យកសម្ភារៈនោះ ឈ្មោះ ពេជ្រ មុនី ភេទប្រុស អាយុ ៤០ឆ្នាំ ទីលំនៅភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរយោធា។

ពេលចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាង ក្នុងកាបូបនោះ មាន៖ អាវុធខ្លី ១ដើម ម៉ាកLOCK.17 ពណ៌ខ្មៅ ផលិតនៅប្រទេសអូទ្រីស លេខ19.00520 បង់១ ស្រោមពណ៌ខ្មៅ១និងគ្រាប់ ១៣គ្រាប់ ជារបស់ជនរងគ្រោះ។

កុំព្យូទ័រលេបថប ១គ្រឿង ម៉ាក ASUS ពណ៌ទឹកមាស កន្ត្រៃដងជ័រពណ៌ក្រហម១ (របស់ជនសង្ស័យ)។ ពិលពណ៌ខ្មៅ ១ ម៉ាឡេតពណ៌ទឹកប្រាក់១ កាបូបស្ពាយពណ៌ខ្មៅ១ កាបូបដៃពណ៌ខ្មៅ១ ប័ណ្ណសម្គាល់យានយន្ត ស្លាកលេខ ភ្នំពេញ 1CB-3314 ១សន្លឹក។

សមត្ថកិច្ច ឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារ បានចាកចេញពីផ្ទះទៅលេងផ្ទះម្តាយក្មេក នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន តាំងពីម៉ោង ១០ព្រឹក ថ្ងៃទី១៣ ខែមីនា ហើយនៅពេលពួកគាត់ បានចាកចេញទៅលេងផ្ទះម្តាយនោះ ក៏បានចាក់សោរទ្វារផ្ទះត្រឹមត្រូវផងដែរ។ លុះដល់វេលាម៉ោងពាក់កណ្តាលអាធ្រាត្រ មានប្រជាពលរដ្ឋអ្នករស់នៅជិតខាងផ្ទះជនរងគ្រោះ បានទាក់ទងតាមទូរស័ព្ទរាយការណ៍ ទៅសមត្ថកិច្ចថា គេឮសូរដូចជា មានមនុស្ស(ចោរ)លួចគាស់ផ្ទះរបស់មន្ត្រីយោធា ដែលម្ចាស់មិននៅ។

បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ភ្លាមនោះ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅអន្តរាគមន៍ជាបន្ទាន់ លុះពេលទៅដល់កន្លែងកើតហេតុ ស្រាប់តែឃើញមុខសញ្ញាដែលជាជនសង្ស័យម្នាក់ កំពុងស្ពាយកាបូបពណ៌ខ្មៅដើរចេញពីផ្ទះជនរងគ្រោះ ដែលទើបធ្វើសកម្មភាពគាស់ផ្ទះនោះ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួន ឆែកឆេរក្នុងកាបូបស្ពាយ និងបានរកឃើញវត្ថុតាងដូចខាងលើ រួមទាំងអាវុធខ្លីមួយដើមផង។ ក្រោយឃាត់ខ្លួ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព