Social Network

ប៉ូលិស ចាប់មុខសញ្ញាជួញដូរ និង​ប្រើប្រាស់គ្រឿងញៀន ២នាក់ នៅ​ស្រុកភ្នំស្រុក

ខេត្តបន្ទាយមានជ័យ៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន ០២នាក់ ត្រូវបានកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បង្រ្កាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នៅវេលាម៉ោង ០២ និង៥០នាទីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅភូមិគោកក្រោល ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក បានទទួលពាក្យបណ្ដឹងពីអាណាព្យាបាល ឈ្មោះ ជិត គឹមសួង អាយុ ៤៦ឆ្នាំ រស់នៅភូមិកណ្ដាលខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានស្នើសុំឲ្យកម្លាំងជំនាញយកកូនរបស់គាត់ ឈ្មោះ ភាន អូដេរ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិឃុំខាងលើ ទៅព្យាបាលស្ដារនីតិសម្បទា នៅមជ្ឈមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ ខេត្តបន្ទាយមានជ័យ។

ប៉ុន្តែពេលសមត្តកិច្ចឃាត់ខ្លួនបានជនសង្ស័យ នៅត្រង់ចំណុចភូមិគោកក្រោល ឃុំស្រះជីក ស្រុកភ្នំស្រុក បានឆែកឆេររកឃើញថ្នាំម្សៅក្រាមពណ៌សថ្លា ចំនួន ០៣ថង់ ដាក់ក្នុងកញ្ចប់បារី ក្នុងហោប៉ៅខោ បន្ទាប់មក សមត្ថកិច្ច ក៏នាំខ្លួនជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីសួរនាំបន្ថែមទៀត។លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនត្រូវបានឈ្មោះ ស៊ិញ កុកវិង (ហៅ ថៃលី) រស់នៅភូមិភ្នំដី ឃុំភ្នំដី ស្រុកភ្នំស្រុក ឲ្យខ្លួនយកថ្នាំតំលៃ ១០០.០០០៛ ទៅឲ្យគេម្នាក់ ដែលមិនស្គាល់ឈ្មោះ នៅចំណុចភូមិព្រៃមាន់ ឃុំរហាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីបានស្ដាប់ចម្លើយខាងលើរួច លោកអធិការ បានដឹកនាំកម្លាំងជំនាញ ចុះទៅបង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ស៊ិញ កុកវិង (ហៅ ថៃលី) នៅចំណុចផ្ទះរបស់ជនសង្ស័យ ហើយបានឆែកឆេររកឃើញម្សៅក្រាម ពណ៌សថ្លា ចំនួន ០១ថង់ និងដាវសាំម៉ូរ៉ៃ ០១ដើម។ ជនសង្ស័យទាំង ០២នាក់ និងវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌សថ្លា សរុបចំនួន ០៤កូនថង់ និងដាវសាម៉ូរ៉ៃត្រូវបានកម្លាំងជំនាញ សួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព