Social Network

បុរសម្នាក់ ទំនងសតិមិនគ្រប់ វាយបំផ្លាញ​ទ្រួនដាក់ធាតុសពអ្នកភូមិ ត្រូវបានឃាត់ខ្លួន

ខេត្តកំពត៖ បុរសម្នាក់ ឈ្មោះ ឡន់ សេម អាយុ ៥៥ឆ្នាំ មានប្រពន្ធ តែមិនមានកូន រស់នៅភូមិដើមពោធិឃុំអង្គសូរភី ស្រុកកំពង់ត្រាច ត្រូវបាននគរបាលប៉ុស្តិ៍អង្គសូរភី ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។បុរសរូបនេះ បានវាយកម្ទេចទ្រួនដាក់សពឪពុក និងប្ដីរបស់ស្ត្រីម្នាក់ ឈ្មោះ ចាន់ អិត អាយ្៥៦ឆ្នាំ នៅភូមិដើមពោធិ៍ កាលពីវេលាម៉ោង ២២ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ រួចមក។

បន្ទាប់ពីបានវាយបំផ្លាញទ្រួនសម្រាប់ដាក់ធាតុរួចមក ស្ត្រីមេម៉ាយរូបនេះ បានដាក់ពាក្យប្ដឹង ទៅនគរបាលប៉ុស្តិ៍ ហើយក៏ប៉ូលិស ក៏បានឃាត់ខ្លួនបុរសនោះតែម្ដង។ អ្នកភូមិដើមពោធិជាច្រើននាក់ បាននិយាយគ្រប់មាត់ ក្រោយពីកងនគរបាលឃាត់ខ្លួនបុរស ឡន់ សេម ថា មិនគួរទុកអោយនៅអ្វីទៀតទេ ព្រោះបុរសរូបនេះ បានដើរអុកឡុកអ្នកភូមិជាច្រើនដងហើយ។

ទោះបីជាមានអ្នកភូមិណែនាំយ៉ាងណាក៏ដោយក៏ជននេះ នៅតែប្រព្រឹត្ត មិនគប្បីទៅលើអ្នកភូមិដដែល ជាពិសេសនៅពេលយប់ ជននេះ តែងតែដើរអុកឡុក តាមផ្ទះគេ មិនឈប់ឈរ។

អ្នកភូមិដើមពោធិម្នាក់ទៀត បានអះអាងថា បុរសឡន់សេមនេះ ជាដើមកំណើតខ្មែរកម្ពុជាក្រោម ហើយមករស់នៅស្របច្បាប់ មានប្រពន្ធ នៅភូមិដើមពោធិនេះ ជិត ៤០ឆ្នាំទៅហើយ។

ប៉ុន្តែ ២នាក់ប្ដីប្រពន្ធនេះ មិនមានកូនតពូជទេ ព្រោះប្តីប្រពន្ធនេះ ហាក់មិនមានសតិគ្រប់គ្រាន់ ដែលគេហៅថា «ប្រពន្ធ៩កន្លះ ប្ដីក៏៩កន្លះ» ដូចគ្នា។ ប៉ុន្តែគ្រួសារនេះ មានផ្ទះ មានគោ ម៉ូតូ និងដីស្រែធម្មតា ដូចគេដូចឯង។ តែតាំងពីថ្ងៃឃាត់ខ្លួន រហូតបញ្ជូនទៅកាន់ស្នងការ ប្រពន្ធ ដែលមានសតិមិនគ្រប់នោះ មិនបានទៅសួរសុខទុក្ខប្ដីឡើយ៕

ដកស្រង់ពី៖កោះសន្តិភាព